អន្តរជាតិ

សប្តាហ៍មុនទើបតែរញ្ជួយដីរួចសោះ… ម្សិលមិញនេះឥណ្ឌូនេស៊ីមានភ្នំភ្លើងដ៏ធំមួយបានផ្ទុះបានឡើងបន្ថែមទៀត

BY
autoadmin
January 29, 2021

ឥណ្ឌូនេស៊ី៖ យោងតាមសារព័ត៌មាន The Thaiger  បានរាយការណ៍ថា កាលពីថ្ងៃម្សិលមិញនេះភ្នំភ្លើងដ៏ធំមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានផ្ទុះឡើងនិងបង្កជាវិបត្តិថ្មីមួយបន្ថែមទៀត ដោយបន្ថែមបន្ទុកដល់រដ្ឋាភិបាលដែលទើបដោះស្រាយបញ្ហារញ្ជួញដីកាលពីសប្តាហ៍មុន និងកំពុងរវល់ដោះស្រាយវិបត្តិនៃជំងឺ COVID-19 ជាច្រើនខែមកហើយនោះ។ ភ្នំភ្លើងដែលទើបនឹងផ្ទុះនេះមានឈ្មោះថា Merapi ស្ថិតនៅលើកោះចាវ៉ា មានកម្ពស់ ២ ៩៦៣ ម៉ែត្រ ហើយក្នុងពេលកំពុងផ្ទុះឡើង វាបានបន្លឺសំឡេងយ៉ាងខ្លាំងក្នុងចម្ងាយប្រមាណជា ៣០ គីឡូម៉ែត្រ និងបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញតំបន់កើតហេតុប្រមាណ ៥ គីឡូម៉ែត្រផងដែរ។

យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះនៅមិនទាន់មានរបាយការណ៍ណាមួយបង្ហាញថា មានពលរដ្ឋត្រូវស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍នេះនៅឡើយទេ ហើយទំហំនៃការប៉ះពាល់ជាក់ស្តែងក៏មិនទាន់ត្រូវបានគេធ្វើការវាយតម្លៃនៅឡើយដែរ។ គេនៅចាំបានថា កាលពីឆ្នាំ ២០១០ កន្លងទៅនេះ ភ្នំភ្លើងមួយនេះបានផ្ទុះម្តងរួចមកហើយ ដោយពេលនោះវាបានសម្លាប់មនុស្ស ៣៤៧ នាក់ និងធ្វើឲ្យពលរដ្ឋប្រមាណជា ២០ ០០០ នាក់នាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់ផងដែរ។ ពោលគឺប្រទេសនេះស្ថិតនៅលើចញ្ចៀនភ្លើង ឬ “ Ring of Fire” របស់មហាសមុទ្រប៉ាស៊ីហ្វិក ដែលជាហេតុវាងាយនឹងមានការរញ្ជួយដី ការផ្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិជាដើម៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Thaiger

Share This Post: