អន្តរជាតិ

ក្រុមហ៊ុនផលិតឱសថអាមេរិក Johnson បាននិយាយថា វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 របស់ខ្លួន គឺមានប្រសិទ្ធភាព ៦៦% និងចាក់តែ ១ លើកប៉ុណ្ណោះ

BY
autoadmin
January 30, 2021

ក្រុមហ៊ុនផលិតឱសថអាមេរិក Johnson & Johnson បាននិយាយថា ការសាកល្បងគ្លីនិកជាសកលលើវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួនបានបង្ហាញថា វ៉ាក់សាំងរបស់ខ្លួនគឺមានប្រសិទ្ធភាព ៦៦% ។ ក្រុមហ៊ុនបានប្រកាសលទ្ធផលបណ្តោះអាសន្ននៃការសាកល្បងគ្លីនិកដំណាក់កាលចុងក្រោយរបស់ខ្លួនកាលពីថ្ងៃសុក្រ ហើយបាននិយាយថា ក្នុងចំណោមអ្នកស្ម័គ្រចិត្តចំនួន ៤៣ ៧៨៣ នាក់ នៅក្នុងការសាកល្បងរបស់ពួកគេ គឺមានអ្នកចូលរួមចំនួន ៤៦៨នាក់ ដែលបានឆ្លងជំងឺ COVID-19 បន្ទាប់ពីទទួលវ៉ាក់សាំង។

ក្រុមហ៊ុនបាននិយាយថា បើប្រៀបធៀបជាមួយក្រុមប្រើថ្នាំ placebo វ៉ាក់សាំងមានប្រសិទ្ធភាព ៦៦% ក្នុងចំណោមករណីមធ្យមនិងធ្ងន់ធ្ងរ និង ៨៥% ក្នុងករណីធ្ងន់ធ្ងរ។ ក្រុមហ៊ុនបាននិយាយថា ការសាកល្បងរបស់ខ្លួននៅអាហ្វ្រិកខាងត្បូង គឺបានបង្ហាញប្រសិទ្ធភាព ៥៧% ថ្វីបើជំងឺ COVID-19 នៅទីនោះងាយនឹងចម្លងបានយ៉ាងឆាប់រហ័សក៏ដោយ។ Johnson & Johnson ក៏និយាយថា មិនមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់វ៉ាក់សាំង ឬប្រតិកម្ម ពីអ្នកជំនាញរបស់ពួកគេនោះទេ។

ក្រុមហ៊ុនគ្រោងនឹងដាក់ពាក្យស្នើសុំទៅរដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) ដើម្បីទទួលបានការអនុញ្ញាតិប្រើប្រាស់សម្រាប់ករណីបន្ទាន់នៅដើមខែកុម្ភៈ។ វ៉ាក់សាំងនេះត្រូវបានគេរំពឹងថា នឹងបង្កើនល្បឿននៃការចាក់ថ្នាំបង្ការ ពីព្រោះវាមិនតម្រូវឱ្យមានការចាក់ចំនួន ២លើក ដូចវ៉ាក់សាំងដែលបង្កើតដោយ Pfizer / BioNTech ឬ Moderna នោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: