បច្ចេកវិទ្យា (VR) ជួយឲ្យបុរសម្នាក់បានជួបប្រពន្ធដែលបាត់បង់ជីវិតកាលពី ៤ ឆ្នាំមុនជាថ្មីម្តងទៀត (មានវីដេអូ)
- BY
- autoadmin
- February 1, 2021
កូរ៉េខាងត្បូង៖ ចេញពីការប្រើប្រាស់នៅក្នុងបរិបទនៃការលេងហ្គេម ពេលនេះបច្ចេកវិទ្យាសម្រាប់មើលឃើញរូបជាក់ស្តែង Virtual Reality (VR) ត្រូវបានគេយកទៅប្រាស់យ៉ាងសកម្មនៅក្នុងការងារទូទៅជាពិសេសនៅក្នុងក្របខណ្ឌវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ ជាក់ស្តែងថ្មីៗនេះស្ថានីយ៍ទូរទស្សន៍ឯកសាររបស់កូរ៉េខាងត្បូង MBC បានយកបច្ចេក VR នេះទៅប្រើប្រាស់នៅក្នុងកម្មវិធីទូរទស្សន៍មួយដែលមានឈ្មោះថា “ខ្ញុំបានជួបអ្នក” រដូវកាលទី ២ ដែលតាមរយៈកម្មវិធីមួយនេះគេបានអញ្ញាតឲ្យបុរសម្នាក់បានជួបជាមួយនឹងប្រពន្ធរបស់គាត់ ដែលបានស្លាប់យូរមកហើយជាថ្មីម្តង។

សូមបញ្ជាក់ថា ការជួបគ្នារវាងមនុស្សរស់ជាមួយនឹងអ្នកស្លាប់នៅពេលនេះ គឺជាការយកសំឡេង រូបភាព និងកាយវិការជាក់ស្តែងរបស់អ្នកដែលបានស្លាប់រួចទៅហើយនោះមកបង្កើតជាទស្សនីភាពថ្មីឡើងវិញ ហើយនៅពេលដែលគេពាក់វ៉ែនតាបច្ចេកវិទ្យា VR ទៅគឺវាហាក់បីដូចជាគេបានជួបនិងបានសន្ទនាជាមួយនិងអ្នកដែលស្លាប់ហើយនោះជាថ្មីម្តងទៀតអីចឹង។
បើយោងតាមតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Asia One បានឲ្យដឹងថា បុរសដែលបានជួបប្រពន្ធតាមរយៈបច្ចេកវិទ្យា VR នៅពេលនេះមានឈ្មោះថា Kim Jung-soo អាយុ ៥១ ឆ្នាំ ដែលត្រូវបានប្រពន្ធស្លាប់ចោលទាំងអាឡោះអាល័យកាលពី ៤ ឆ្នាំមុន ខណៈដែលរូបគាត់នៅតែមានចិត្តនឹងដល់ប្រពន្ធនិងតែងស្រមៃចង់ជួបប្រពន្ធម្តងទៀតជាលើកចុងក្រោយប្រសិនជាអាចទៅរួច។
ពេលនេះក្តីស្រមៃរបស់លោក Kim Jung-soo បានក្លាយជាការពិតហើយ ដោយពេលបានជួបប្រពន្ធតាមរយៈបច្ចេកវិទ្យា VR នោះវាបានធ្វើឲ្យលោក Kim Jung-soo ក្តុកក្តួលស្រក់ទឹកភ្នែកជាថ្មីម្តងទៀត ខណៈអ្នកដែលបានឃើញសកម្មភាពកំសត់នេះក៏ទប់ទឹកភ្នែកមិនជាប់ដូចគ្នាផងដែរ។ សូមបញ្ជាក់ថា ដើម្បីបង្កើតកម្មវិធីខាងលើនេះឡើងគេត្រូវការរយៈពេល ៦ ខែ ហើយកាលពីឆ្នាំមុនស្ថានីយ៍ទូរទស្សន៍កូរ៉េខាងត្បូងមួយនេះក៏ធ្លាប់បានរៀបចំឲ្យស្រ្តីជាម្តាយម្នាក់បានជួបជាមួយកូនស្រីដែលបានស្លាប់ម្តងរួចហើយដែរ៕




អត្ថបទ៖ ភក្តី
ប្រភព៖ Asia One
- Share This Post:






