ស៊យហួស! ឈ្នះឆ្នោតបានជិត១លានដុល្លារ ចង្រៃអីភ្លេចកន្ទុយសន្លឹកនៅហោប៉ៅក្នុងម៉ាស៊ីនបោកគក់ ដកចេញមកខ្ទេចម៉ត់តែម្តង
ចិន៖ អាចនិយាយបានថា វាជារឿងស៊យធំមួយនៅក្នុងជីវិត ដែលបុរសម្នាក់បានបោកខោអាវធ្វើឲ្យរហែកកន្ទុយសន្លឹកឆ្នោតមានតម្លៃជាលុយជិត១០ម៉ឺនដុល្លារ។ បុរសកំពូលស៊យរូបនេះមានឈ្មោះថា Sun រស់នៅក្នុងខេត្តនៅតំបន់ Qingpu នៃទីក្រុងសៀងហៃ ប្រទេសចិន ហើយគាត់ជាអ្នកញៀននឹងការចាក់ឆ្នោតផ្សងសំណាងអស់រយៈពេល១០មកហើយ។
បុរសកំពូលស៊យរូបនេះបានប្រាប់ឲ្យដឹងថា មុខពេលជួបរឿងអកុសលមួយនេះគឺនៅថ្ងៃទី១៩ ខែមិថុនា កន្លងទៅ គាត់បានទិញឆ្នោត Shanghai Welfare Lottery ចំនួន៤សន្លឹក ដែលមានតម្លៃ ៨ យន់ (១.២០ ដុល្លារ) សន្លឹកឆ្នោតនេះក្រោយមកគឺត្រូវរង្វាន់ធំ ដែលមានតម្លៃសរុបចំនួន ៦.៤៣ លានយន់ (៩៦១,០០០ ដុល្លារ)។
យ៉ាងណាក្តី ក្រោយពីបានដឹងថា ខ្លួនត្រូវរង្វាន់ធំហើយ លោក Sun បានព្យាយាមស្វែងរកកន្ទុយសន្លឹកឆ្នោតយកទៅបើករង្វាន់ តែបែរជារកវាឃើញនៅក្នុងហោប៉ៅខោ ខណៈដែលកន្ទុយសន្លឹកឆ្នោតនោះដាច់រហែកប្រើលែងកើតទៅហើយ ព្រោះតែគាត់បានដាក់ខោនោះបោកក្នុងម៉ាស៊ីនបោកគក់។ បុរសរូបនេះ បានប្រាប់អ្នកសារព័ត៌មានថា គាត់ពិតជាសោកស្តាយ ខ្លាំងណាស់ចំពោះការធ្វេសប្រហែសនេះ ដែលធ្វើឲ្យខាតបង់ប្រាក់ជាច្រើនសន្ធឹកសន្ធាប់នៅក្នុងជីវិតរបស់គាត់៕
អត្ថបទ៖ ភក្តី
ប្រភព៖ shanghai