បុគ្គលិកម្នាក់សុខចិត្តញ៉ាំអាហារនៅក្នុងចានបង្គន់ ដើម្បីបង្ហាញថា ចានបង្គន់នោះស្អាតល្អ និងគ្មានមេរោគ (មានវីដេអូ)
ចិន៖ បុគ្គលិកស្រីនៅក្នុងក្រុមហ៊ុនមួយសុខចិត្តញ៉ាំអាហារ ដែលបានដាក់នៅក្នុងចានបង្គន់ (សម្រាប់មនុស្សប្រុសនោម) អស់គ្មានសល់ ដើម្បីបង្ហាញថា ចានបង្គន់នោះត្រូវបានគេសម្អាតបានយ៉ាងល្អ គ្មានមេរោគ និងសូម្បីតែមានអាហារធ្លាក់ចូលនៅក្នុងបង្គន់នោះក៏គេ អាចយកវាមកញ៉ាំបានវិញដែរ។ សកម្មភាពដ៏ចម្លែកនេះ ត្រូវបានធ្វើឡើងនៅក្នុងក្រុមហ៊ុន Tenfu Group ក្នុងខេត្ត Fujian ភាគខាងត្បូងប្រទេសចិន។
បើតាមប្រធានគ្រប់គ្រងរបស់ក្រុមហ៊ុនខាងលើនេះ បានប្រាប់អ្នកសារព័ត៌មានថា សកម្មភាពដូចបានរៀបរាប់ខាងលើនេះ គឺជាផ្នែកមួយនៃការបណ្តុះបណ្តាលបុគ្គលិកនៅក្នុងក្រុមហ៊ុន ហើយការបង្ហាញសកម្មភាពជាក់ស្ដែងដូចនេះ គឺដើម្បីបណ្តុះស្មារតីរបស់បុគ្គលិកអោយត្រូវតែចេះយកចិត្តទុកដាក់ថែរក្សាអនាម័យនៅក្នុងបន្ទប់ទឹកឲ្យបានល្អ ជាពិសេសគឺនៅក្នុងចានបង្គន់នោះតែម្តងត្រូវតែសម្អាតឲ្យដល់កម្រិតមួយ ដែលគេអាចយកវាមកដាក់របស់ញ៉ាំបាន។ ប្រធានគ្រប់គ្រងរូបនេះបានបញ្ជាក់ទៀតថា វិធីបណ្តុះបណ្តាលបែបនេះត្រូវបានប្រើប្រាស់នៅក្នុងក្រុមហ៊ុនរបស់លោកអស់រយៈពេល២៥ឆ្នាំហើយ៕
អត្ថបទ៖ ភក្តី
ប្រភព៖ nextshark