ចិនគ្រោងសង់បច្ចេកវិទ្យាដឹកជញ្ជូនថ្មី ស្រដៀងនឹងរថភ្លើង តែមានសុវត្ថិភាពខ្ពស់ជាង និងប្រើថាមពលតិច (មានវីដេអូ)
ចិន៖ កាលពីពេលកន្លងទៅថ្មីៗនេះ ចិនបានចុះហត្ថលេខាសាងសង់បច្ចេកវិទ្យាដឹកជញ្ជូនថ្មី Hyperloop លើកដំបូងរបស់ខ្លួន ដែលប្រព័ន្ធដឹកជញ្ជូនដ៏អស្ចារ្យនេះនឹងមាន ទីតាំងស្ថិតនៅក្នុងក្រុង Tongren ខេត្ត Guizhou ភាគខាងលិចប្រទេសចិន។ សូមបញ្ជាក់ថា Hyperloop គឺជាមធ្យោបាយសម្រាប់ដឹកជញ្ចូនថ្មីមួយ ដែលអាចសាងសង់នៅក្រោយដី និងនៅលើអាកាស ស្រដៀងគ្នាទៅនឹងរថភ្លើងសម្រាប់ដឹកអ្នកណើរធម្មតាដែរ តែវាមានទំហំខ្លីៗ ឬពេលខ្លះតូចជាងរថភ្លើងធម្មតា ហើយវាអាចត្រូវបានគេប្រើប្រាស់បានទាំងការដឹកជញ្ជូនអ្នកដំណើរ និងទំនិញផ្សេងៗផងដែរ។
បច្ចេកវិទ្យាដឹកជញ្ជូន Hyperloop នេះមានគុណសម្បត្តិជាច្រើនដូចជា ត្រូវការប្រើប្រាស់ថាមពលតិច អាចផ្ទុកថាមពលសម្រាប់ប្រើប្រាស់បានពេញ ២៤ ម៉ោងមានសុវត្ថិភាពខ្ពស់ និងមានប្រព័ន្ធការពារបរិយាកាសនៅខាងក្រៅបានផងដែរ។ គម្រោងសាងសងខាងលើនេះ បានបង្ហាញឲ្យពិភពលោកមើលឃើញថា ចិនបានបោះជំហ៊ានទៅមុខមួយកម្រិតទៀត ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាទំនើបៗរបស់ខ្លួន។ យ៉ាងណាក្តី គម្រោងខាងលើនេះត្រូវបានសាងសង់ក្នុងរយៈចម្ងាយ ១០ គីឡូម៉ែត្រតែប៉ុណ្ណោះ ហើយបន្ទាប់ពីគម្រោងទីមួយនេះទទួលបានជោគជ័យខ្ពស់ទើបគេបន្តសាងសងទៅកាន់តំបន់សំខាន់ៗ និងឆ្ងាយៗជាច្រើនកន្លែងទៀត៕
អត្ថបទ៖ ភក្តី
ប្រភព៖ nextshark


