បាក់ទំនប់វារីអគ្គិសនីនៅឡាវម្សិលមិញនេះ បណ្តាលឲ្យមនុស្សស្លាប់ជាច្រើន និងរាប់រយនាក់ទៀតបាត់ខ្លួនរកមិនទាន់ឃើញនៅឡើយ
ឡាវ៖ មនុស្សជាច្រើននាក់បានស្លាប់ និងជាច្រើនរយនាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីមានទំនប់វារីអគ្គិសនីមួយស្ថិតនៅក្នុងខេត្តអាត់តាពឺ ភាគខាងត្បូងប្រទេសឡាវបានបាក់ និងបណ្តាលឲ្យមានទឹកហូរយ៉ាងខ្លាំងប្រៀបដូចជាមានទឹកជំនន់អីចឹងទៅកាន់តំបន់ ដែលមានប្រជាជនឡាវកំពុងរស់នៅ។ ទំនប់វារីអគ្គិសនីមួយនេះមានឈ្មោះថា Xepian-Xe Nam Noy មានសមត្ថភាពស្តុកទឹកបានប្រមាណជា ៥ពាន់លានម៉ែត្រគូប និងអាចផលិតថាមពលអគ្គិសនីបាន ៤១០ មេហ្គាវ៉ាត់។
ទំនប់វារីអគ្គិសនីមួយនេះទើបតែសាងសង់ចប់នៅឆ្នាំ២០១៨នេះ ហើយពេលនេះវាក៏បានបាក់ទៅវិញ និងបង្កឲ្យគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរទៀតផង។ គិតមកទល់នឹងពេលនេះ ប្រជាជនឡាវជាង៦,០០០នាក់កំពុងគ្មានកន្លែងស្នាក់នៅ ជាច្រើនរយនាក់កំពុងបាត់ខ្លួន និងមានអ្នកស្លាប់ជាច្រើននាក់ផងដែរ។ នាយករដ្ឋមន្ត្រីឡាវលោក Thongloun Sisoulith បានប្រកាសដាក់តំបន់កំពុងជួបហេតុការណ៍ខាងលើ ក្នុងស្ថានភាពប្រកាសអាសន្ន និងត្រូវត្រៀមការជួយសង្គ្រោះជាបន្ទាន់គ្រប់ពេលវេលាផងដែរ៕


អត្ថបទ៖ ភក្តី
ប្រភព៖ CNN