កូរ៉េខាងត្បូងចេញមកបញ្ជាក់ពីស្ថានភាពទំនប់វារីអគ្គីសនីនៅប្រទេសឡាវ មុនពេលដែលវាបានបាក់
កូរ៉េខាងត្បូងដែលជាដៃគូសាងសង់ទំនប់វារីអគ្គីសនី Xe-Namnoy ក្នុងប្រទេសឡាវ ដែលបាក់ និងបង្កឲ្យមានប្រជាជនឡាវជា ច្រើននាក់ស្លាប់ និងបាត់ខ្លួននោះបានឲ្យដឹងថា តាមការពិតគេបានពិនិត្យឃើញទំនប់មួយនេះរងនូវការខូចខាតផ្នែកខាងលើ រយៈពេល២៤ម៉ោងមុនពេលវាបាក់ទាំងស្រុង តែគេមិនអាចជួលជុលវាបានទាន់ពេលវេលា ព្រោះតែមានភ្លៀងធ្លាក់ខ្លាំងពេក។ ទំនប់វារីអគ្គីសនី មួយនេះត្រូវបានសាងសងឡើងដោយក្រុមហ៊ុន SK Engineering & Construction របស់កូរ៉េខាងត្បូងក្នុងតម្លៃ ១.២ ពាន់លានដុល្លារ និងបានបញ្ចប់ការសាងសង់កាលពីដើមឆ្នាំ ២០១៨ នេះ។
បើតាមភាគីកូរ៉េខាងត្បូងបានបញ្ជាក់ថា នៅម៉ោង ៩ យប់ មុនពេលកើតហេតុមួយថ្ងៃ គេបានពិនិត្យឃើញថា ផ្នែកខាងលើរបស់ទំបន់នេះរងនូវការខូចខាត ហើយផ្នែកខ្លះក៏បានហូរដាច់តាមកម្លាំងទឹកដែរ។ បន្ទាប់ពីបានឃើញស្ថានភាពនេះ ភាគីខាងកូរ៉េខាងត្បូងក៏បានជូនដំណឹងទៅភាគីឡាវ និងបានស្នើសុំក្រុមជំនាញឲ្យមកជួសជុល តែយ៉ាងណាក្តី ប្រតិបត្តិការណ៍ជួសជុលត្រូវបានរំខានដោយកម្លាំងទឹកភ្លៀងដ៏ខ្លាំង ហើយរដ្ឋាភិបាលឡាវក៏បានជូនដំណឹងពីស្ថានភាពនេះដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរតំបន់កើតហេតុ ២ ឬ ៣ ម៉ោង មុនពេលទំនប់បាក់ផងដែរ តែដោយការជូនដំណឹងនេះលឿនពេក ទើបប្រជាពលរដ្ឋមិនអាចត្រៀមខ្លួនបានទាន់ពេលវេលា។ មកទល់នឹងពេលនេះតុល្យការអ្នកស្លាប់នៅតែបន្តកើតឡើង ហើយក្រុមការងារជួយសង្គ្រោះកំពុងដុតដៃដុតជើងស្វែករកអ្នកដែលកំពុងបាត់ខ្លួនជាច្រើនរយនាក់ទៀត៕



អត្ថបទ៖ ភក្តី
ប្រភព៖ bangkokpost

