ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃនឹងដោះលែងអ្នកទោសមួយចំនួនជាបណ្តោះអាសន្នដើម្បីបញ្ចៀសការចម្លងជំងឺកូវីដ ១៩ ដែលកំពុងតែរាតត្បាតយ៉ាងខ្លាំងនៅតាមពន្ធនាគារ

    BY Pheakdey May 26, 2021
    ថៃនឹងដោះលែងអ្នកទោសមួយចំនួនជាបណ្តោះអាសន្នដើម្បីបញ្ចៀសការចម្លងជំងឺកូវីដ ១៩ ដែលកំពុងតែរាតត្បាតយ៉ាងខ្លាំងនៅតាមពន្ធនាគារ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា អាជ្ញាធរនៃប្រទេសថៃនឹងសម្រេចដោះលែងអ្នកទោសមួយចំនួនជាបណ្តោះអាសន្នក្នុងពេលឆាប់ៗនេះ ដើម្បីបញ្ចៀសភាពកកកុញនៅក្នុងពន្ធនាគារ ដែលភាពកកកុញនេះគឺជាមូលហេតុចម្បងបង្កឲ្យមានការរាតត្បាតជំងឺកូវីដ ១៩ យ៉ាងគំហុកនៅតាមមន្ទីរឃុំឃាំងទូទាំងប្រទេសថៃ។ ប្រភពខាងលើបានបន្តថា អ្នកទោសដែលមានសិទ្ធអទិភាពក្នុងការទទួលបានការដោះលែងជាបណ្តោះអាសន្ននេះគឺជាក្រុមអ្នកទោសដែលមានអាយុច្រើន ឬក្រុមអ្នកទោសដែលមិនសូវមានសុខភាពល្អ ព្រោះក្រុមអ្នកប្រភេទនេះអាចប្រឈមនឹងការស្លាប់ខ្ពស់ណាស់ប្រសិនបើពួកគេបានឆ្លងជំងឺកូវីដ ១៩។

    បើតាមលោក Somsak Thepsuthin ដែលជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់ថា ក្រុមអ្នកទោសដែលនឹងទទួលបានការដោះលែងទាំងអស់នោះក៏ត្រូវតម្រូវឲ្យធ្វើតេស្តរកជំងឺកូវីដ ១៩ និងធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃជាមុនសិនដែរមុននឹងអនុញ្ញាតឲ្យពួកគេត្រលប់ទៅផ្ទះវិញ ព្រោះបើមិនធ្វើដូចនេះទេពួកគេអាចជាភ្នាក់ងារនាំយកជំងឺកូវីដ ១៩ ពីក្នុងពន្ធនាគារទៅចែកចាយក្នុងសហគមន៍ផងដែរ។ គួររម្លឹកថា ចាប់តាំងពីពាក់កណ្តាលខែឧសភាមក ជំងឺកូវីដ ១៩ បានផ្តើមរាតត្បាតយ៉ាងខ្លាំងតាមពន្ធនាគារក្នុងប្រទេសថៃ ហើយគិតមកទល់នឹងពេលនេះគឺមានអ្នកទោសថៃប្រមាណជា ១៨,០០០ នាក់ហើយ ដែលបានឆ្លងជំងឺកូវីដ ១៩ ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

     

    Share This Post: