ទីក្រុងញូវយ៉ក និងរដ្ឋកាលីហ្វ័រញ៉ា ចេញច្បាប់តម្រូវឱ្យបុគ្គលិកធ្វើការត្រូវចាក់វាក់សាំងបង្ការ ឬមានសំបុត្របញ្ជាក់លទ្ធផលអវិជ្ជមានជំងឺកូវីដ១៩
- BY
- autoadmin
- July 27, 2021
ទីក្រុងញូវយ៉កនឹងតម្រូវឱ្យបុគ្គលិកនៅក្នុងទីក្រុងទាំងអស់ ត្រូវផ្តល់ភ័ស្តុតាងនៃការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ឬត្រូវធ្វើតេស្តរាល់មួយសប្តាហ៍ម្តង។ ច្បាប់នេះនឹងចូលជាធរមាននៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ហើយវានឹងត្រូវគ្របដណ្ដប់លើកម្មករក្រុងរួមមាន៖ ប៉ូលីស អ្នកពន្លត់អគ្គិភ័យ និងបុគ្គលិកសាលារៀន នេះបើតាមការប្រកាសរបស់លោក De Blasio អភិបាលទីក្រុងញូវយ៉ក។ លោកអភិបាលបាននិយាយថា ច្បាប់ថ្មីនេះគឺដើម្បីរក្សាសុវត្ថិភាពប្រជាជន ហើយកាលពីសប្តាហ៍មុនលោកក៏បានប្រកាសថានឹងមានការអនុវត្តស្រដៀងគ្នា ចំពោះកម្មករនៅតាមគ្រឹះស្ថានសុខាភិបាលក្រុង នៅខែក្រោយផងដែរ។

រីឯរដ្ឋកាលីហ្វ័រញ៉ាក៏នឹងចាប់ផ្តើមមានវិធានការស្រដៀងគ្នា សម្រាប់បុគ្គលិករដ្ឋ និងបុគ្គលិកទាំងអស់នៅក្នុងវិស័យថែទាំសុខភាព និងបុគ្គលិកមានហានិភ័យខ្ពស់។ វិធានការថ្មីនេះនឹងចូលជាធរមាននៅខែក្រោយ ហើយអភិបាលរដ្ឋកាលីហ្វ័រញ៉ាលោក Gavin Newsom បាននិយាយកាលពីថ្ងៃច័ន្ទថា រដ្ឋក៏នឹងលើកទឹកចិត្តដល់រដ្ឋាភិបាលក្នុងតំបន់ និងនិយោជកផ្សេងទៀត ឱ្យអនុវត្តពិធីសារស្រដៀងគ្នា។ កាលពីខែមុនសាន់ហ្វ្រាន់ស៊ីស្កូ ក៏បានតម្រូវឱ្យបុគ្គលិកនៅតាមស្ថាប័នវេជ្ជសាស្រ្តក្រុង និងមន្រ្តីផ្សេងទៀតទទួលការចាក់វ៉ាក់សាំងផងដែរ ហើយជាលទ្ធផលវាបណ្តាលឱ្យមានប្រតិកម្មពីសហជីពមួយចំនួន។ ចំណែកការផ្លាស់ប្តូររបស់ទីក្រុងញូវយ៉ក និងរដ្ឋកាលីហ្វ័រញ៉ា ក៏អាចធ្វើឱ្យមានភាពចម្រូងចម្រាសផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






