ការសិក្សាមួយបានបង្ហាញថា កម្រិតអង្គបដិប្រាណរបស់អ្នកចាក់វ៉ាក់សាំង Sinovac នឹងចុះថយបន្ទាប់ពីរយៈពេល ៦ ខែក្រោយមក
- BY
- autoadmin
- July 27, 2021
ការស្រាវជ្រាវថ្មីមួយរបស់អាជ្ញាធរគ្រប់គ្រងជំងឺនៅក្នុងខេត្ត Jiangsu របស់ប្រទេសចិនបានបង្ហាញថា អង្គបដិប្រាណដែលកកើតនៅក្នុងចំណោមអ្នកទទួលវ៉ាក់សាំងបង្ការជំងឺ COVID-10 ស៊ីណូវ៉ាក់ (Sinovac Biotech) នឹងចាប់ផ្តើមធ្លាក់ចុះទៅវិញនៅរយៈពេល ៦ខែ បន្ទាប់ពីការចាក់លើកទី២ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន RT ។ ប៉ុន្តែយ៉ាងណាវាបានបន្ថែមថា ១៦.៩% នៃអ្នកដែលបានចាក់វ៉ាក់សាំងចំនួន ២ដូស រយៈពេល ២ សប្តាហ៍ដាច់ពីគ្នា និង ៣៥.២% នៃអ្នកដែលចាក់ទាំង ២ដូស នៅរយៈពេល ៤ សប្តាហ៍ដាច់ពីគ្នា នៅតែមានកម្រិតអង្គបដិប្រាណខ្ពស់ជាងកម្រិតចុះថយទៅវិញ នៅក្នុងរយៈពេល ៦ ខែបន្ទាប់ពីការចាក់វ៉ាក់សាំងលើកទី២។

ការសិក្សានេះត្រូវបានធ្វើឡើងដោយផ្អែកលើសំណាកឈាមរបស់ពលរដ្ឋ ដែលមានអាយុចន្លោះពី ១៨ ទៅ ៥៩ឆ្នាំ ច្រើនជាង ១០០នាក់ ដើម្បីវាយតម្លៃថាតើអង្គបដិប្រាណរបស់អ្នកចាក់វ៉ាក់សាំងស៊ីណូវ៉ាក់នៅបានយូរប៉ុនណា បន្ទាប់ពីការចាក់លើកទី២ របស់ពួកគេ។ ទន្ទឹមនឹងនេះផងដែរ ការសិក្សាក៏បានផ្ដោតសំខាន់លើប្រសិទ្ធភាព និងការស៊ើបអង្កេតវិទ្យាសាស្ត្រទៅលើដូសជំនួយ (booster) ថាតើវានឹងមានលទ្ធផលវិជ្ជមានឬទេ នៅពេលដែលពលរដ្ឋទទួលយកវា នៅរយៈពេល ៦ ខែបន្ទាប់ពីការចាក់ដូសទី២។ ជាលទ្ធផលអ្នកស្រាវជ្រាវបានរកឃើញថា កម្រិតអង្គបដិប្រាណរបស់ពួកគេមានការកើនឡើងពី ៣ ទៅ ៥ដង ដែលវាបានបង្ហាញថា ដូសថ្នាំទី៣ ឬ booster នឹងជួយពលរដ្ឋប្រឆាំងនឹងជំងឺ COVID-19 បានមួយកម្រិតទៀត។ យ៉ាងណាក៏ដោយអ្នកវិទ្យាសាស្ត្រទើបតែបានសិក្សាលើបញ្ហានេះ នៅក្នុងចំណោមអ្នកចូលរួមតិចតួចប៉ុណ្ណោះ ដូច្នេះពួកគេត្រូវការការសិក្សាបន្ថែមទៀត ដើម្បីវាយតម្លៃលើជំងឺ COVID-19 វ៉ារ្យ៉ង់ផ្សេងៗទៀត៕


អត្ថបទ៖ លីដា
ប្រភព៖ RT
- Share This Post:






