ប្រទេសកូរ៉េខាងជើងនិងកូរ៉េខាងត្បូង បានស្តារខ្សែទូរស័ព្ទទាក់ទងគ្នាឡើងវិញ បន្ទាប់ពីកាត់ផ្ដាច់ទំនាក់ទំនងគ្នាអស់រយៈពេលជាង១ឆ្នាំ
- BY
- autoadmin
- July 27, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង បានស្តារខ្សែទូរស័ព្ទទំនាក់ទំនងគ្នាឡើងវិញ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានកាត់ផ្ដាច់មធ្យោបាយទាក់ទងគ្នារវាងប្រទេសទាំង ២ កាលពីខែមិថុនា ឆ្នាំ២០២០។ យោងតាមការិយាល័យប្រធានាធិបតីរបស់ភាគខាងត្បូងបាននិយាយថា មេដឹកនាំនៃប្រទេសទាំង ២ បានព្រមព្រៀងគ្នាដើម្បីកសាងការជឿទុកចិត្ត និងបង្កើនចំណងមិត្តភាពជាមួយគ្នាឡើងវិញ ហើយពួកគេបានផ្លាស់ប្តូរលិខិតផ្ទាល់ខ្លួនជាច្រើនចាប់តាំងពីខែមេសា ឆ្នាំ២០២១ តរៀងមក។

ទីភ្នាក់ងារសារព័ត៌មាន KCNA ផ្លូវការរបស់កូរ៉េខាងជើងបាននិយាយដែរថា៖«យោងតាមកិច្ចព្រមព្រៀងដែលបានធ្វើឡើងរវាងមេដឹកនាំកំពូលទាំង ២ ភាគខាងជើងនិងខាងត្បូងបានចាត់វិធានការរួម ដើម្បីដំណើរការរាល់បណ្តាញទំនាក់ទំនងអន្តរកូរ៉េឡើងវិញចាប់ពីម៉ោង ១០ ៖ ០០ ថ្ងៃទី២៧ ខែកក្កដានេះ»។ ទីភ្នាក់ងារបានបន្ថែមថា មេដឹកនាំទាំង ២ បានយល់ព្រមធ្វើឱ្យមានការបោះជំហានដ៏ធំមួយ នៅក្នុងការស្តារការទុកចិត្តគ្នាទៅវិញទៅមក និងលើកកម្ពស់ការផ្សះផ្សាគ្នាឡើងវិញ។
យោងតាមក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូងបានឱ្យដឹងថា តំណាងមកពីភាគីទាំងសងខាងបាននិយាយគ្នាតាមទូរស័ព្ទអស់រយៈពេល ៣ នាទី។ ក្រសួងបានបន្ថែមទៀតថា ការពិភាក្សាតាមទូរស័ព្ទមួយទៀតនឹងត្រូវធ្វើឡើងនៅរសៀលថ្ងៃអង្គារ និងចាប់ពីពេលនេះតទៅ។ ចំណែកតំណាងរបស់ប្រទេសកូរ៉េខាងត្បូងបាននិយាយថា៖«យើងរីករាយដែលបាននិយាយម្តងទៀតក្នុងរយៈពេលជាងមួយឆ្នាំ។ យើងសង្ឃឹមថា រឿងនេះនឹងនាំដំណឹងល្អដល់ប្រជាជនកូរ៉េទាំងអស់»៕

អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






