អន្តរជាតិ

ក្រុមហ៊ុនឱសថ Pfizer-BioNTech បាននិយាយថា វ៉ាក់សាំងដូសទី៣របស់ខ្លួន មានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងជំងឺកូវីដ១៩ ប្រភេទ Delta

BY
autoadmin
July 29, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN កាលពីថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១ បានរាយការណ៍ថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី៣ របស់ក្រុមហ៊ុនឱសថ Pfizer/BioNTech មានសមត្ថភាពខ្ពស់ប្រឆាំងនឹងជំងឺ COVID-19 ដែលបំប្លែងខ្លួននៅប្រទេសឥណ្ឌា ឬហៅថាវ៉ារ្យ៉ង់ Delta ។ បើតាមទិន្នន័យរបស់ក្រុមហ៊ុនអាមេរិក Pfizer បានបង្ហាញថា វ៉ាក់សាំងដូសទី៣ របស់ខ្លួនអាចប្រឆាំងនឹងវ៉ារ្យ៉ង Delta បានល្អជាងវ៉ាក់សាំងស្ដង់ដារទាំង ២ដូស ដែលកំពុងមានឱ្យប្រើប្រាស់នាពេលបច្ចុប្បន្ននេះទៅទៀត។ នៅក្នុងការសិក្សារបស់ក្រុមហ៊ុនបានបង្ហាញថា អង្គបដិប្រាណរបស់មនុស្សវ័យពី ១៨ ទៅ ៨៨ឆ្នាំ បានកើនឡើងរហូតដល់ទៅ ៥ ដង ខណៈមនុស្សវ័យពី ៦៥ ទៅ ៨៥ឆ្នាំ មានអង្គបដិប្រាណកើនឡើង ១១ ដង ប្រឆាំងជាមួយវ៉ារ្យ៉ងនេះ។

វាមិនច្បាស់ទេថាតើការបង្កើនកម្រិតអង្គបដិប្រាណពិតជាទាក់ទងទៅនឹងការការពារប្រសើរជាងមុន ឬថាតើដូសជំនួយទី៣ (booster) នេះពិតជាចាំបាច់សម្រាប់ពលរដ្ឋ? ដោយសារថាមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក កន្លងមកបានបញ្ជាក់ហើយថា វ៉ាក់សាំងបច្ចុប្បន្នអាចការពារមនុស្សបានយ៉ាងល្អប្រឆាំងនឹងវ៉ារ្យ៉ង់ទូទៅទាំងអស់។ ទិន្នន័យរបស់ Pfizer ក៏បង្ហាញផងដែរថា កម្រិតអង្គបដិប្រាណនៅក្នុងវ៉ាក់សាំងគឺអាចប្រឆាំងនឹងជំងឺ COVID-19 ប្រភេទដើមបានប្រសើរជាងមុន ហើយក៏មានប្រសិទ្ធភាពចំពោះវ៉ារ្យ៉ង់ Beta ដែលត្រូវបានរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង បន្ទាប់ពីការចាក់លើកទី៣ ផងដែរ។ ក្រុមហ៊ុនទាំង ២ បាននិយាយដែរថា វ៉ាក់សាំងរបស់ពួកគេមានប្រសិទ្ធភាពច្រើនជាង ៦ខែ បើទោះជាវានឹងចាប់ផ្ដើមចុះថយបន្ដិចម្ដងៗចាប់ពីពេលនោះក៏ដោយ ហើយក្រុមហ៊ុននឹងស្នើការអនុម័តទៅ FDA ឆាប់ៗនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ CNN , Pfizer

Share This Post: