អ្នកជំងឺច្រើនពេក ថៃសម្រេចប្រើរថភ្លើងពិសេស ដឹកអ្នកជំងឺកូវីដពីទីក្រុងបាងកកឲ្យទៅព្យាបាលនៅតាមខេត្តវិញ
- BY
- autoadmin
- July 29, 2021
ថៃ៖ ប្រតិបត្តិករផ្លូវដែកគ្រប់គ្រងដោយរដ្ឋថៃ (SRT) បានសម្រេចដាក់ឲ្យប្រើប្រាស់រថភ្លើងពិសេសមួយ សម្រាប់ដឹកអ្នកជំងឺ COVID-19 កម្រិតមធ្យម ឬកម្រិតស្រាល ដែលចង់ត្រឡប់ទៅព្យាបាលជំងឺនៅតាមផ្ទះរបស់ពួកគេនៅឯខេត្តវិញ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ ។ អភិបាលរបស់ SRT គឺលោក Nirut Maneephan បាននិយាយកាលពីថ្ងៃពុធថា ក្រសួងដឹកជញ្ជូននឹងផ្តល់រថភ្លើងបន្ថែមទៀតដើម្បីជួយសម្រួលដល់កិច្ចការនេះ ហើយការដឹកជញ្ជូនអ្នកជំងឺ COVID-19 ដំបូងគេ គឺចេញស្ថានីយ Rangsit ទៅកាន់ខេត្ត Ubon Ratchathani ជាមួយនឹងអ្នកជំងឺចំនួន ១៣៧នាក់ កាលពីថ្ងៃអង្គារកន្លងទៅ។

នៅតាមផ្លូវទៅកាន់គោលដៅ ផ្លូវរថភ្លើងក៏បានឈប់នៅតាមស្ថានីយ៍មួយចំនួនក្នុងខេត្ត Nakhon Ratchasima, Buri Ram, Surin និង Si Sa Ket ដើម្បីឱ្យអ្នកជំងឺអាចចុះចតសម្រួលឥរិយាបថបាន។ ពួកគេត្រូវបានស្វាគមន៍ដោយមន្រ្តីសុខាភិបាល ហើយបន្ទាប់មកទៀតនឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យនៅតាមខេត្តរបស់ពួកគេ។ SRT គ្រោងនឹងដាក់សេវាកម្មដូចគ្នាទៅកាន់គោលដៅផ្សេងៗទៀត ដូចជាទៅកាន់ភាគឦសានខាងជើង ភាគខាងជើង និងខាងត្បូងរបស់ប្រទេសថៃ។ យ៉ាងណាក៏ដោយសេវាកម្មបន្ទាប់ទៀតរបស់រថភ្លើងនេះ នៅមិនទាន់ត្រូវបានប្រកាសពីកាលបរិច្ឆេទនៅឡើយទេ៕






អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍
- Share This Post:






