អន្តរជាតិ

បើកទ្វារទទួលភ្ញៀវទេសចរមិនបានប៉ុន្មាន ឥឡូវកោះភូកេតត្រូវបិទទ្វារបណ្ដោះអាសន្នវិញ ដោយសារការកើនឡើងនៃជំងឺកូវីដ១៩

BY
autoadmin
July 30, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ សម្រាប់ថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១ នេះបានរាយការណ៍ថា អភិបាលខេត្តភូកេតបានបញ្ជាឱ្យបិទទ្វារកោះទាំងមូល ដោយមិនឱ្យមានភ្ញៀវទេសចរមកពីខែត្តផ្សេងៗអាចចូលមកបានទៀតទេ ចាប់ពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ តទៅ ខណៈដែលជោគវាសនានៃគម្រោងភូកេត Sandbox នៅមិនទាន់ត្រូវបានគេកំណតនៅឡើយទេ។ បទបញ្ជាថ្នាក់ខេត្តដែលត្រូវបានចុះហត្ថលេខាដោយអភិបាលខេត្តលោក Narong Woonciew មួយនេះ ក៏នឹងតម្រូវឱ្យមានការហាមឃាត់មនុស្សទូទៅដែលមិនមែនជាអ្នករស់នៅក្នុងខេត្ត ហើយអាចលើកលែងបានតែការដឹកជញ្ជូនទំនិញ ការធ្វើដំណើររបស់សិស្ស និងសេវាកម្មវេជ្ជសាស្ត្របន្ទាន់ប៉ុណ្ណោះ ប៉ុន្តែពលរដ្ឋនៅតែត្រូវការការបញ្ជាក់ពីលទ្ធផលអវិជ្ជមានជំងឺ COVID-19 ឬ បានចាក់វ៉ាក់សាំងគ្រប់ចំនួនដូស។

ឆ្លើយតបនឹងបញ្ហានេះដែរ នាយកដ្ឋានត្រួតពិនិត្យជំងឺរបស់ប្រទេសថៃបាននិយាយថា ពួកគេនឹងធ្វើការត្រួតពិនិត្យស្ថានភាពនៅក្នុងខេត្តចំនួន ២ សប្ដាហ៍ ហើយបន្ទាប់មកទៀតពួកគេនឹងសម្រេចចិត្តថា ខេត្តអាចបន្ដគម្រោងភូកេត Sandbox តទៅទៀតបានឬទេ។ ភាពស្ទាក់ស្ទើរនៅក្នុងការបន្ដគម្រោង Sandbox របស់កោះភូកេត គឺបន្ទាប់ពីខេត្តនេះបានរកឃើញករណីជំងឺ COVID-19 ក្នុងសហគមន៍ច្រើនជាង ៣០ ករណី ប៉ុន្តែនាយកដ្ឋានបានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរបរទេសដែលបានចូលមកខេត្តនេះទាំង ១២,៣៩៥ នាក់ ពួកគេទើបតែរកឃើញមានករណីជំងឺ COVID-19 ច្រើនជាង ៣០ ករណី ហើយអ្នកជំងឺត្រូវបានគេរកឃើញទាន់ពេល និងបានធ្វើចត្តាឡីស័កផងដែរ ពោលគឺខេត្តបានគ្រប់គ្រងស្ថានភាពបានល្អ។ នាយកដ្ឋានក៏បានបន្ដទៀតថា ប្រព័ន្ធវេជ្ជសាស្ត្ររបស់កោះភូកេតពេលនេះកំពុងផ្ទុកអ្នកជំងឺ ៣៦% ប៉ុន្តែពួកគេនៅតែអាចដោះស្រាយករណីថ្មីៗបាន ដោយមិនទាន់មានករណីធ្ងន់ធ្ងរដែលត្រូវការឧបករណ៍ដកដង្ហើមឡើយ៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍

Share This Post: