អន្តរជាតិ

រដ្ឋាភិបាលជប៉ុនបានសម្រេចបន្ថែមពេលវេលានៃការដាក់ប្រទេសក្នុងគ្រាអាសន្នរហូតដល់ចុងខែក្រោយ

BY
autoadmin
July 30, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា រដ្ឋាភិបាលជប៉ុនបានសម្រេចដាក់ប្រទេសក្នុងគ្រាអាសន្នរហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ក៏ដូចជាសម្រេចដាក់ភាពអាសន្នទៅលើខេត្តចំនួន ៤ គឺខេត្ត Saitama, Chiba, Kanagawa និង Osaka ខណៈករណី COVID-19 កំពុងមានការកើនឡើងក្នុងកំណត់ត្រាថ្មី។ រដ្ឋាភិបាលជប៉ុនបានដាក់ទីក្រុងតូក្យូក្រោមគ្រាអាសន្នជាលើកទី៤ របស់ខ្លួន ចាប់តាំងពីជំងឺរាតត្បាត COVID-19 បានចាប់ផ្តើមដំបូង ហើយកោះអូគីណាវ៉ាភាគ ក៏នឹងត្រូវបានពន្យារពេលដល់ថ្ងៃទី៣១ ខែសីហាផងដែរ។

នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga ត្រូវបានគេរំពឹងថា នឹងធ្វើការប្រកាសជាផ្លូវការអំពីបញ្ហានេះនៅថ្ងៃសុក្រនេះផ្ទាល់ បន្ទាប់ពីអ្នកជំនាញសម្រេចថានឹងពង្រីកការដាក់អាសន្ន ហើយដាក់ខេត្តទាំង ៤ ឱ្យនៅក្រោមការរឹតត្បឹតដូចគ្នា។ ជម្រាបដែរថា ប្រទេសជប៉ុនធ្លាប់ចៀសផុតពីការផ្ទុះឡើងនៃជំងឺ COVID-19 ប៉ុន្តែឥឡូវនេះស្ថានការណ៍កាន់តែអាក្រក់ស្របពេលដែលខ្លួនកំពុងធ្វើជាម្ចាស់ផ្ទះឱ្យព្រឹត្តិការណ៍កីឡាអូឡាំពិក ខណៈកាលពីថ្ងៃព្រហស្បតិ៍ប្រទេសនេះមានករណីថ្មីច្រើនជាង ១០,០០០ ករណី ត្រូវបានកត់ត្រា៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: