អន្តរជាតិ

ទីក្រុងមួយនៅក្នុងប្រទេសចិនកំពុងប្រឈមនឹងការផ្ទុះឡើងនៃជំងឺកូវីដ១៩ ហើយពលរដ្ឋប្រមាណ ៩.៣ លាននាក់ នឹងត្រូវធ្វើតេស្ដរកជំងឺនេះ

BY
autoadmin
July 30, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា ទីក្រុងណានជីងរបស់ប្រទេសចិនកំពុងប្រឈមនឹងការផ្ទុះឡើងនៃជំងឺ COVID-19 ហើយឥឡូវនេះវាបានរីករាលដាលដល់ទីក្រុងប៉េកាំង និងខេត្តចំនួន ៥ ផ្សេងទៀត ខណៈដែលប្រព័ន្ធផ្សព្វផ្សាយក្រុងស្រុកបានហៅការឆ្លងថ្មីនេះថាជា «ការរីករាលដាលធំបំផុតបន្ទាប់ពីវូហាន»។ គិតមកទល់ពេលនេះ មានមនុស្សជិត ២០០ នាក់ បានឆ្លងជំងឺ COVID-19 ចាប់តាំងពីជំងឺត្រូវបានរកឃើញជាលើកដំបូងនៅព្រលានយន្តហោះដ៏មមាញឹកមួយរបស់ទីក្រុងណានជីង កាលពីថ្ងៃទី ២០ ខែកក្កដា ហើយមន្ត្រីរបស់ទីក្រុងក៏គ្រោងនឹងធ្វើការតេស្ដរកមើលជំងឺលើពលរដ្ឋចំនួន ៩.៣ លាននាក់ បូករួមទាំងអ្នកដំណើរនៅទីនោះផងដែរ។

ក្រុមមន្រ្តីជឿជាក់ថាការផ្ទុះឡើងនាពេលបច្ចុប្បន្ននេះ ត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺ COVID-19 បំប្លែងខ្លួន Delta ហើយបានរីករាលដាលចេញទៅកន្លែងផ្សេងទៀតដោយមិនអាចកំណត់បាន ព្រោះថាការរកឃើញនេះវានៅក្នុងព្រលានយន្តហោះស្រាប់។ ការធ្វើតេស្តបានបង្ហាញថា ឥឡូវនេះជំងឺ COVID-19 បានរាលដាលដល់ទីក្រុងយ៉ាងតិច ១៣ រួមមានទីក្រុងចេងទូ និងរដ្ឋធានីប៉េកាំង។ ទោះយ៉ាងណាអ្នកជំនាញដកស្រង់ដោយសារព័ត៌មាន Global Times បាននិយាយថា ពួកគេជឿជាក់ថាការផ្ទុះឡើងនេះនៅតែស្ថិតក្នុងដំណាក់កាលដំបូង ហើយអាចគ្រប់គ្រងបាននៅឡើយទេ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: