អន្តរជាតិ

លោក ចូ បៃដិន ប្រកាសឱ្យបុគ្គលិកសហព័ន្ធត្រូវផ្តល់ភស្តុតាងនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឬប្រឈមនឹងការធ្វើតេស្តជាប្រចាំ

BY
autoadmin
July 30, 2021

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសពីវិធានការថ្មីមួយ ដែលតម្រូវឱ្យកម្មករសហព័ន្ធត្រូវផ្តល់ភស្តុតាងនៃការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ឬប្រឈមនឹងការធ្វើតេស្តជាប្រចាំ។ ការផ្លាស់ប្តូរនេះមានគោលបំណងបង្កើនអត្រាចាក់វ៉ាក់សាំងនៅសហរដ្ឋអាមេរិក ចំពេលមានការរីករាលដាលយ៉ាងឆាប់រហ័សនៃវ៉ារ្យ៉ង់ Delta ដែលបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា។ នៅក្រោមច្បាប់ថ្មីបុគ្គលិកសហព័ន្ធ និងអ្នកទទួលការងារ នឹងត្រូវស្នើសុំឱ្យបង្ហាញភស្តុតាងថា ពួកគេបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ឬនៅ? ហើយអ្នកណាដែលមិនធ្វើបែបនេះ គឺនឹងត្រូវធ្វើតេស្តយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍។

នៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ លោក បៃដិន បាននិយាយថា អ្វីដែលកំពុងកើតឡើងនៅសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ននេះ គឺជា «ជំងឺរាតត្បាតនៃអ្នកដែលមិនបានចាក់វ៉ាក់សាំង» ដោយបន្ថែមថា វ៉ាក់សាំងគឺជាការការពារដ៏ល្អបំផុត។ លោកប្រធានាធិបតីក៏បានអំពាវនាវដល់រដ្ឋាភិបាលរដ្ឋ និងតាមមូលដ្ឋាន ឱ្យមានការជំរុញការចាក់វ៉ាក់សាំងបន្ថែម ដោយផ្តល់ប្រាក់ចំនួន ១០០ ដុល្លារ ដល់អ្នកដែលទទួលថ្នាំបង្ការរួច។ ប៉ុន្តែយ៉ាងណា បុគ្គលិកសហព័ន្ធមួយចំនួនបានសម្តែងការប្រឆាំងចំពោះតម្រូវការចាក់វ៉ាក់សាំង និងតេស្តជាប្រចាំ ដោយនិយាយថាវាគឺជាការរំលោភសិទ្ធិមនុស្ស៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: