ស្ថានការណ៍កាន់តែអាក្រក់, ពលរដ្ឋថៃច្រើនជាង ១ម៉ឺននាក់ ដែលភាគច្រើនមានវ័យចំណាស់និងមកពីតាមបណ្ដាខេត្ត ត្រូវធ្វើដំណើរមកចាំទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ថ្ងៃចុងក្រោយនៅទីក្រុងបាងកក
- BY
- autoadmin
- July 31, 2021
ខណៈពេលដែលប្រទេសថៃកំពុងប្រឈមនឹងជំងឺ COVID-19 ដ៏អាក្រក់ មានពលរដ្ឋជាច្រើននៅតាមបណ្ដាខេត្ត បានធ្វើដំណើរមកកាន់ទីក្រុងបាងកក ដើម្បីអាចទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ។ ជាក់ស្ដែងបើយោងតាមការបង្ហោះនៅលើបណ្ដាញសង្គម Facebook របស់សារព័ត៌មាន The Nation Thailand នៅថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១ នេះបានបង្ហាញថា ពលរដ្ឋថៃច្រើនជាង ១០,០០០ នាក់ កំពុងតម្រង់ជួររង់ចាំទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 នៅឯស្ថានីយ Bang Sue Grand ខណៈដែលថ្ងៃនេះផ្ទាល់គឺជាថ្ងៃចុងក្រោយ សម្រាប់ការបើកទទួលពលរដ្ឋចូលមកចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺពលរដ្ឋដែលមកទទួលវ៉ាក់សាំងភាគច្រើនជាមនុស្សវ័យចំណាស់ ដែលជាក្រុមអាយុមានហានិភ័យខ្ពស់នៅក្នុងការឆ្លងជំងឺរាត្បាត COVID-19 ។ គួរឱ្យដឹងដែរថា ចាប់តាំងពីខែមេសារហូតមកទល់នឹងពេលនេះ ប្រទេសថៃបានមើលឃើញពីការឆ្លងជំងឺ COVID-19 ច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ហើយនៅថ្ងៃសៅរ៍នេះផ្ទាល់ ប្រទេសនេះបានរកឃើញករណីថ្មីជិត ១៩,០០០ ករណី និងការស្លាប់ ១៧៨ នាក់ ដែលធ្វើឱ្យការឆ្លងសរុបមានចំនួន ៥៩៧,២៨៧ ករណី និងការស្លាប់សរុបចំនួន ៤,៨៥៧ ករណី ចាប់តាំងពីមានវត្តមានជំងឺនេះដំបូងកាលពីឆ្នាំមុន៕




អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand , បាងកកប៉ុសិ៍
- Share This Post:






