មេដឹកនាំរដ្ឋប្រហារគឺលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង បានប្រកាសថានឹងដាក់ប្រទេសមីយ៉ាន់ម៉ាក្រោមគ្រាអាសន្នរហូតដល់ឆ្នាំ២០២៣
- BY
- autoadmin
- August 2, 2021
លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ដែលជាមេដឹកនាំរដ្ឋប្រហារទម្លាក់លោកស្រី អ៊ុងសាន ស៊ូជី កាលពីខែកុម្ភៈ ដើមឆ្នាំ២០២១ បាននិយាយថា ការដាក់ប្រទេសមីយ៉ាន់ម៉ាក្នុងគ្រាអាសន្ននឹងត្រូវបន្តរហូតដល់ខែសីហា ឆ្នាំ២០២៣ ហើយលោកនឹងរៀបចំការបោះឆ្នោតបន្ទាប់ពីនោះ។ នៅក្នុងសុន្ទរកថាមួយដែលមានរយៈពេល ១ម៉ោង លោកបានសន្យាថា លោកនឹងរៀបចំការបោះឆ្នោតដោយពហុបក្ស សេរី ត្រឹមត្រូវ និងយុត្តិធម៌ ប៉ុន្តែទន្ទឹមគ្នានោះដែរ លោកបានហៅគណបក្សជាប់ឆ្នោតដែលលោកបានកំចាត់ចោលថាជា «ភេរវករ» ។

លោកបានសន្យាថា នឹងបង្កើតសហជីពមួយដោយផ្អែកលើលទ្ធិប្រជាធិបតេយ្យ និងសហព័ន្ធ ដោយបានបន្ថែមថា យោធានឹងបំពេញការរៀបចំបោះឆ្នោតតាមកាលបរិច្ឆេទកំណត់។ លោកបានបញ្ជាក់ថា យោធានឹងប្រគល់អំណាចទៅឱ្យគណបក្សនយោបាយដែលឈ្នះការបោះឆ្នោតនោះ។ ចំពោះការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺ COVID-19 នៅប្រទេសមីយ៉ាន់ម៉ា លោកបានជំរុញឱ្យប្រជាជនរួបរួមគ្នា និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ ប៉ុន្តែយ៉ាងណា បុគ្គលិកថែទាំសុខភាព និងមន្រ្តីសាធារណៈជាច្រើន កំពុងធ្វើពហិការការងារ ដើម្បីប្រឆាំងនឹងការគ្រប់គ្រងរបស់យោធា ហើយសេវាកម្មវេជ្ជសាស្ត្រក៏បានដួលរលំយ៉ាងឆាប់រហ័ស៕


អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






