ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង បានព្រមានឱ្យកូរ៉េខាងត្បូងលុបចោលការធ្វើសមយុទ្ធយោធារួមគ្នាជាមួយអាមេរិក
- BY
- autoadmin
- August 2, 2021
ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងគឺលោកស្រី គីម យ៉ូជុង បានចេញសេចក្តីថ្លែងការណ៍មួយតាមរយៈទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ ដោយបានព្រមានឱ្យកូរ៉េខាងត្បូងលុបចោលការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ ដែលតែងតែធ្វើជាមួយសហរដ្ឋអាមេរិកនៅខែសីហា។ នៅក្នុងសេចក្តីថ្លែងការណ៍នោះ លោកស្រីបាននិយាយថា៖«អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដែលខ្ញុំបានឮរឿងមិនសប្បាយចិត្តមួយ ដោយសារសមយុទ្ធយោធារួមគ្នារវាងកងទ័ពកូរ៉េខាងត្បូង និងកងកម្លាំងអាមេរិកអាចដំណើរការទៅតាមពេលវេលាកំណត់ទៀត»។

លោកស្រីបាននិយាយថា៖«រដ្ឋាភិបាលនិងកងទ័ពរបស់យើងនឹងតាមដានយ៉ាងដិតដល់ថា តើភាគីកូរ៉េខាងត្បូងចាប់ផ្តើមធ្វើសមយុទ្ធសង្គ្រាមអរិភាពនៅខែសីហា ឬក៏ធ្វើការសម្រេចចិត្តយ៉ាងព្រហើនបែបណាទៀត»។ លោកស្រីបានបន្ថែមថា៖«សង្ឃឹម ឬអត់? មិនមែនជាជម្រើសរបស់យើងទេ»។ លោកស្រីក៏បានសម្ដៅលើការបើកឡើងវិញនូវបណ្តាញទំនាក់ទំនងឆ្លងដែនរវាងកូរ៉េទាំង ២ កាលពីសប្តាហ៍មុន ដោយបាននិយាយថា ការបើកឡើងវិញនេះនឹងគ្រាន់តែជាការភ្ជាប់ទំនាក់ទំនងធម្មតា និងគ្មានអ្វីគួរឱ្យលើសពីនេះទេ។ ដូច្នេះមានន័យថា កូរ៉េខាងជើងនឹងមិនព្រមមានទំនាក់ទំនងអ្វីលើសពីការភ្ជាប់ខ្សែទូរស័ព្ទជាមួយកូរ៉េខាងត្បូងនោះទេ ប្រសិនបើសមយុទ្ធជាមួយនឹងអាមេរិកនៅតែបន្ដធ្វើឡើង៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






