សហរដ្ឋអាមេរិកបាននិយាយថា របបយោធាមីយ៉ាន់ម៉ាអូសបន្លាយពេលវេលានៅក្នុងការរៀបចំបោះឆ្នោត ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន
អន្តរជាតិ August 3, 2021 lyda

សហរដ្ឋអាមេរិកបាននិយាយថា របបយោធាមីយ៉ាន់ម៉ាកំពុងអូសបន្លាយពេលវេលារយៈពេល ២ ឆ្នាំបន្ថែមទៀត នៅក្នុងការរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី ខណៈដែលរដ្ឋលេខាធិការលោក Antony Blinken បានរៀបចំនឹងលើកទឹកចិត្តដល់ប្រទេសក្នុងអាស៊ាន ឱ្យធ្វើការតែងតាំងបេសកជនម្នាក់ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ ជម្រាបដែរថា លោក Blinken កំពុងចូលរួមកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍អស់រយៈពេលជិត ១ សប្ដាហ៍មកហើយ ដែលនេះជាសញ្ញាបង្ហាញថា រដ្ឋបាលរបស់ប្រធានាធិបតីលោក ចូ បៃដិន កំពុងប្រកួតប្រជែងជាមួយចិននៅក្នុងតំបន់អាស៊ាន។

រំលឹកផងដែរថានៅមុនកិច្ចពិភាក្សាអាស៊ាននេះ មេដឹកនាំយោធាមីយ៉ាន់ម៉ាលោក មីន អ៊ុងឡាំង ក៏បានសន្យាថា លោកនឹងរៀបចំការបោះឆ្នោត និងលើកស្ថានភាពគ្រាអាសន្ននៅក្នុងប្រទេស រហូតដល់ខែសីហា ឆ្នាំ២០២៣ ដែលជាការពន្យារពេលកំណត់ពេលវេលាថ្មីមួយ ចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារទម្លាក់លោកស្រី អ៊ុងសាន ស៊ូជី កាលពីដើមខែកុម្ភៈកន្លងទៅនេះ។ ចំណែកលោក Blinken បាននិយាយថា សេចក្តីប្រកាសរបស់សហរដ្ឋអាមេរិកគឺជាការអំពាវនាវឱ្យប្រទេសអាស៊ានត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ព្រោះវាច្បាស់ណាស់ថារបបយោធាចង់រក្សាពេលវេលាឱ្យបានយូរ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ៕

អត្ថបទ​៖ លីដា
ប្រភព៖ Channel News Asia