អន្តរជាតិ

ទីក្រុងវូហានរបស់ប្រទេសចិននឹងធ្វើតេស្តរកជំងឺកូវីដ១៩ លើពលរដ្ឋរបស់ខ្លួនជាង ១២ លាននាក់ បន្ទាប់ពីទីក្រុងនេះបានរកឃើញវត្តមានរបស់វ៉ារ្យ៉ង់ Delta

BY
autoadmin
August 3, 2021

ទីក្រុងវូហានរបស់ប្រទេសចិននឹងធ្វើតេស្តរកជំងឺ COVID-19 លើអ្នកស្រុករបស់ខ្លួនចំនួន ១២ លាននាក់ បន្ទាប់ពីខ្លួនបានរកឃើញវត្តមាននៃជំងឺ COVID-19 បំប្លែងខ្លួន Delta ដែលជាប្រភេទមានការឆ្លងខ្លាំង និងកំពុងវាយប្រហារនៅទូទាំងពិភពលោក។ ទីក្រុងវូហានដែលជាទីក្រុងដំបូងបំផុត ដែលបានរាយការណ៍ពីជំងឺ COVID-19 កាលពីចុងឆ្នាំ២០១៩ បានគ្រប់គ្រងករណីជំងឺនេះយ៉ាងល្អបំផុត ដោយមិនឱ្យមានករណីក្នុងសហគមន៍ថ្មីៗនោះទេ ចាប់តាំងតែពីខែឧសភាឆ្នាំមុន។ ប៉ុន្តែរហូតដល់ថ្ងៃច័ន្ទម្សិលមិញនេះ ខ្លួនបានកត់ត្រាករណីជំងឺ COVID-19 បំប្លែងខ្លួន Delta ចំនួន ៣ ករណី ដែលធ្វើឱ្យទីក្រុងនេះត្រូវដាក់ការប្រុងប្រយ័ត្នខ្ពស់ជាងមុន។

លោក Li Qiang មន្រ្តីនៅទីក្រុងវូហាន របស់រដ្ឋធានីនៃខេត្តហ៊ូប៉ីបាននិយាយថា ដើម្បីធានាថាអ្នករាល់គ្នានៅក្នុងទីក្រុងមានសុវត្ថិភាព ការធ្វើតេស្តទូទាំងទីក្រុងនឹងត្រូវបានដាក់ឱ្យដំណើរការយ៉ាងឆាប់រហ័ស ដើម្បីឱ្យមនុស្សទាំងអស់ពិនិត្យយ៉ាងហ្មត់ចត់នូវលទ្ធផលវិជ្ជមាន និងការឆ្លងមេរោគដែលមិនចេញរោគសញ្ញា។ ចំណែកលោក Li Yang អនុប្រធានមជ្ឈមណ្ឌលគ្រប់គ្រងជំងឺខេត្តហ៊ូប៉ីបាននិយាយថា ករណីថ្មីនៅក្រុងវូហាន រួមជាមួយការឆ្លងនៅទីក្រុងជាំងចូវ និងហួងកាង ដែលនៅជិតខាងគ្នានោះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងករណីនៅខេត្តជាំងស៊ូ ហើយការឆ្លងនៅខេត្តជាំងស៊ូនេះ គឺត្រូវបានគេជឿថានាំចូលមកពីប្រទេសរុស្ស៊ី។

ប៉ុន្តែវាមិនច្បាស់ភ្លាមៗទេថា តើករណីទាំងអស់នោះជាវ៉ារ្យ៉ង់ Delta ឬប្រសិនបើពួកគេទាំងអស់ ត្រូវបានផ្សារភ្ជាប់ទៅនឹងការឆ្លងនៅទីក្រុងណានជីង។ ព្រោះថាអាជ្ញាធរខ្លះមិនបានបង្ហាញលទ្ធផលច្បាស់លាស់ លើចំណាត់ការរបស់ពួកគេចំពោះករណីទាំងនោះទេ។ ឥឡូវនេះវ៉ារ្យ៉ង់ Delta កំពុងបង្កហានិភ័យថ្មីសម្រាប់ប្រទេសសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះ ដោយបានវាយប្រហារចាប់តាំងពីឆ្នេរសមុទ្រដល់ទីក្រុងរបស់ប្រទេស។ ចំណែកអាជ្ញាធរនៅក្នុងទីក្រុងជាច្រើនក៏បានចាប់ផ្តើមធ្វើតេស្តទ្រង់ទ្រាយធំ ដើម្បីកំណត់អត្តសញ្ញាណអ្នកជំងឺ និងធ្វើចត្តាឡីស័កលើអ្នកសង្ស័យ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: