អន្តរជាតិ

ទីក្រុងញូវយ៉កនឹងតម្រូវឱ្យពលរដ្ឋបញ្ជាក់ពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទើបអាចចូលក្នុងហាងអាហារ និងកន្លែងហាត់ប្រាណបាន

BY
autoadmin
August 4, 2021

ទីក្រុងញូវយ៉កនឹងក្លាយជាទីក្រុងដំបូងគេរបស់សហរដ្ឋអាមេរិក ដែលតម្រូវឱ្យពលរដ្ឋទាំងអស់ត្រូវតែបង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់ការចូលហូបអាហារនៅក្នុងហាងបិទជិត កន្លែងហាត់ប្រាណ និងកម្មវិធីសម្តែងណាមួយ។ អភិបាលក្រុងញូវយ៉កគឺលោក Bill de Blasio បានប្រកាសពីផែនការនេះដោយផ្ទាល់ ដោយលោកបានបន្ថែមថា មានតែការចាក់វ៉ាក់សាំងទេទើបអាចឱ្យពលរដ្ឋជៀសឆ្ងាយពីជំងឺ COVID-19 ខណៈលោកក៏មានការព្រួយបារម្ភលើវ៉ារ្យ៉ង់ Delta ដែលកំពុងឆ្លងរាលដាលយ៉ាងឆាប់រហ័ស។

តម្រូវការនេះនឹងត្រូវអនុវត្តជាបន្ដបន្ទាប់រហូតដល់ខែសីហា និងកញ្ញា ហើយនឹងតម្រូវឱ្យពលរដ្ឋដែលចូលទៅក្នុងកម្មវិធីកម្សាន្តណាមួយ ត្រូវតែចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 យ៉ាងតិចមួយដូស។ ភស្ដុតាងរបស់ពលរដ្ឋអាចត្រូវបានបង្ហាញតាមរយៈប័ណ្ណចាក់វ៉ាក់សាំង ឬកម្មវិធី (App) ចាក់វ៉ាក់សាំងរបស់ពួកគេ។ យ៉ាងណាក៏ដោយលោក De Blasio មិនបានបញ្ជាក់លម្អិតអំពីរបៀបនៃការអនុវត្តឡើយ គ្រាន់តែបាននិយាយថា ច្បាប់នេះនឹងចូលជាធរមាននៅថ្ងៃទី១៦ ខែសីហា ប៉ុន្តែការចុះត្រួតពិនិត្យផ្ទាល់នឹងមិនត្រូវបានអនុវត្តទេរហូតដល់ថ្ងៃទី១៣ ខែកញ្ញា។

អភិបាលក្រុងរូបនេះក៏ធ្លាប់បានប្រកាសរួចហើយដែរថា បុគ្គលិកទីក្រុងទាំងអស់នឹងត្រូវចាក់វ៉ាក់សាំងនៅខែកញ្ញាខាងមុខនេះ បើមិនដូច្នោះទេពួកគេនឹងត្រូវធ្វើតេស្តខ្លួនឯងប្រចាំសប្តាហ៍។ គួរឱ្យដឹងដែរថា ប្រហែលជា ៦៦% នៃមនុស្សពេញវ័យនៅញូវយ៉ក បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 រួចហើយ ដែលជាអត្រាខ្ពស់បំផុតមួយនៅក្នុងប្រទេស ប៉ុន្តែរដ្ឋនេះគឺជារដ្ឋដែលរងផលប៉ះពាល់ខ្លាំងបំផុតពីជំងឺ COVID-19 ៕

អត្ថបទ៖ លីដា
ប្រភព៖ RT

Share This Post: