អន្តរជាតិ

សហរដ្ឋអាមេរិកពិចារណាលើផែនការមួយ ដែលតម្រូវឱ្យភ្ញៀវបរទេសត្រូវតែបង្ហាញភស្តុតាងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មុនពេលចូលទៅកាន់ប្រទេសរបស់ខ្លួន

BY
autoadmin
August 6, 2021

ប្រភពអនាមិកមកពីសេតវិមានបានរាយការណ៍ថា សហរដ្ឋអាមេរិកកំពុងពិចារណាលើផែនការតម្រូវឱ្យភ្ញៀវបរទេសទាំងអស់ ត្រូវតែបង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 មុនពេលដែលពួកគេអាចទទួលបានការអនុញ្ញាតឱ្យចូលមកក្នុងប្រទេសនេះបាន។ ក្នុងនោះអ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki ក៏បានបញ្ជាក់ដែរថា សហរដ្ឋអាមេរិកកំពុងពិចារណាឡើងវិញអំពីច្បាប់របស់ខ្លួនចំពោះភ្ញៀវបរទេស ដោយបានបន្ថែមថា ក្រុមមន្រ្តីកំពុងធ្វើការលើសំណើមួយ សម្រាប់គោលនយោបាយធ្វើដំណើរអន្តរជាតិប្រកបដោយសុវត្ថិភាព។

របាយការណ៍នោះបាននិយាយថា រដ្ឋបាលនឹងរៀបចំផែនការដែលតម្រូវឱ្យភ្ញៀវបរទេស បង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ប៉ុន្តែយ៉ាងណាមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺអាមេរិក នៅតែមានការព្រួយបារម្ភចំពោះវ៉ារ្យ៉ង់ Delta ដែលកំពុងមានការឆ្លងរាតត្បាតយ៉ាងឆាប់រហ័ស។ គួរឱ្យដឹងដែរថា ច្បាប់អាមេរិកបច្ចុប្បន្នបានរឹតត្បិតការចូលរបស់ជនបរទេសដែលបានទៅកាន់ប្រទេសមួយចំនួន នៅក្នុងរយៈពេល ១៤ ថ្ងៃចុងក្រោយនេះ។ ប្រទេសទាំងនោះរួមមាន៖ ចក្រភពអង់គ្លេស និងបណ្តាប្រទេសអឺរ៉ុប ប្រទេសចិន ឥណ្ឌា និងប្រេស៊ីល៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: