អន្តរជាតិ

សារព័ត៌មាន CNN បានបណ្ដេញបុគ្គលិកចំនួន ៣នាក់ចេញពីការងារ ដោយសារពួកគេមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅពេលត្រឡប់មកធ្វើការដោយផ្ទាល់វិញ

BY
autoadmin
August 6, 2021

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា CNN បានបណ្តេញបុគ្គលិកចំនួន ៣នាក់ ដែលចូលមកធ្វើការវិញដោយមិនបានចាក់វ៉ាក់សាំងការពារជំងឺ COVID-19 ។ ប្រព័ន្ធផ្សព្វផ្សាយជាច្រើននិយាយថា ពួកគេបានទទួលកំណត់ហេតុផ្ទៃក្នុងមួយ ដែលបានសរសេរដោយប្រធាន CNN លោក Jeff Zucker កាលពីថ្ងៃព្រហស្បតិ៍ ជាមួយនឹងខ្លឹមសារថា៖«កាលពីសប្តាហ៍មុនយើងបានដឹងថាបុគ្គលិក ៣នាក់ បានមកការិយាល័យដោយមិនបានចាក់វ៉ាក់សាំង ហើយអ្នកទាំង ៣ ត្រូវបានបញ្ឈប់ហើយ»។ ទោះជាយ៉ាងណា កំណត់ហេតុនោះមិនបាននិយាយពីកន្លែងដែលបុគ្គលិកធ្វើការ និងតួនាទីរបស់ពួកគេនោះទេ។

ជម្រាបដែរថា CNN តម្រូវឱ្យបុគ្គលិករបស់ខ្លួនចាក់វ៉ាក់សាំងការពារជំងឺ COVID-19 មុននឹងចូលមកធ្វើការនៅការិយាល័យណាមួយរបស់អាមេរិក។ លោក Jeff Zucker ក៏បានបញ្ជាក់គោលជំហរអំពីការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដោយនិយាយថា វាគឺជាកាតព្វកិច្ចរបស់បុគ្គលម្នាក់ៗ ហើយលោកមិនលើកលែងឱ្យនរណាម្នាក់នោះទេចំពោះបញ្ហានេះ។ គាត់ក៏ណែនាំផងដែរថា ការបង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំងអាចនឹងក្លាយជារឿងចាំបាច់ នៅពេលដែលបុគ្គលិកចូលមកធ្វើការផ្ទាល់ជាផ្លូវការឡើងវិញនៅប៉ុន្មានសប្ដាហ៍ទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: