ប្រទេសថៃនឹងផ្ដល់ជូនថ្នាំ Favipiravir សម្រាប់អ្នកជំងឺកូវីដ១៩ ដែលធ្វើការព្យាបាលខ្លួននៅផ្ទះ ឬតាមសហគមន៍
- BY
- autoadmin
- August 9, 2021
ក្រសួងសុខាភិបាលរបស់ប្រទេសថៃបានសម្រេចផ្ដល់ថ្នាំ Favipiravir ទៅដល់ក្រុមអ្នកជំងឺ COVID-19 ដែលមានរោគសញ្ញាស្រាលៗ ក៏ដូចជាអ្នកកំពុងសម្រាកព្យាបាលនៅតាមផ្ទះ និងតាមកន្លែងដាក់ដាច់ដោយឡែកនៅតាមសហគមន៍ ហើយក្រសួងក៏គ្រោងនឹងស្តុកទុកថ្នាំប្រឆាំងវីរុសប្រភេទនេះចំនួន ៤២០ លានគ្រាប់បន្ថែមទៀតផងដែរ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្តិ៍ ។ ជម្រាបផងដែរថា កាលពីមុនអ្នកជំងឺ COVID-19 ដែលព្យាបាលនៅតាមផ្ទះ ឬតាមសហគមន៍ ត្រូវបានគេឱ្យឱសថបុរាណ Fah Talai Jone ឬហៅថាដើមប្រម៉ាត់មនុស្ស។

លោកវេជ្ជបណ្ឌិត Kiattiphum Wongworajit អគ្គលេខាធិការអចិន្ត្រៃយ៍ក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ក្រសួងបានកែសម្រួលផែនការគ្រប់គ្រងថ្នាំប្រឆាំងវីរុស Favipiravir ដើម្បីបង្កើនល្បឿន និងពង្រីកការគ្រប់គ្រងដល់ក្រុមអ្នកជំងឺ COVID-19 បន្ថែមទៀត ដើម្បីដោះស្រាយករណីឆ្លង និងការស្លាប់ថ្មីៗ។ គិតត្រឹមថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ តម្រូវការថ្នាំនេះបានកើនឡើងដល់ ៨៥០,០០០ គ្រាប់ក្នុងមួយថ្ងៃ ដោយមាន ៧៦០,០០០ គ្រាប់ ត្រូវបានចែកចាយនៅទីក្រុងបាងកក ហើយក្រសួងបានបម្រុងទុកថ្នាំជិត ២០.៥ លានគ្រាប់ ចាប់តាំងពីថ្ងៃទី០៥ ខែកក្កដា។
ក្រសួងក៏បានចាត់តាំងអង្គការឱសថរបស់រដ្ឋាភិបាល (GPO) ដើម្បីទិញថ្នាំចំនួន ១២០ លានបន្ថែមទៀត នៅចន្លោះខែសីហា និងកញ្ញា និង ៣០០ លានគ្រាប់បន្ថែមទៀត ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២១។ លើសពីនេះ GPO នឹងទិញថ្នាំប្រឆាំងមេរោគ Remdesivir ចំនួន ១០០,០០០ កូនដបបន្ថែមទៀត នៅខែនេះ ដោយបង្កើនចំនួនថ្នាំទ្វេដងដល់ ២០០,០០០ កូនដប សម្រាប់ព្យាបាលអ្នកជំងឺ COVID-19 នៅក្នុងប្រទេស៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍
- Share This Post:






