ទីក្រុងហូជីមិញនឹងចេញថ្លៃសេវាបូជា និងដឹកធាតុអ្នកជំងឺកូវីដ១៩ ទៅដល់គ្រួសាររបស់ពួកគេទាំងអស់
- BY
- autoadmin
- August 9, 2021
វៀតណាម៖ ទីក្រុងហូជីមិញនឹងចេញថ្លៃសេវាកម្មបុណ្យសពទាំងអស់ សម្រាប់អ្នកដែលបានស្លាប់ដោយសារជំងឺ COVID-19 នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ។ លោក Nguyen Toan Thang ប្រធានមន្ទីរបរិស្ថាន និងធនធានធម្មជាតិបាននិយាយថា ទីក្រុងហូជីមិញនឹងផ្ដល់ជំនួយចំនួន ១៧ លានដុង (៧៣៩ ដុល្លារ) សម្រាប់សាកសព ១នាក់ ដែលនឹងគ្របដណ្តប់លើការដឹកជញ្ជូន ការបូជាសព និងការប្រគល់ធាតុ ទៅឱ្យសាច់ញាតិរបស់អ្នកស្លាប់។

លោកបានបន្ថែមថា អាជ្ញាធរនឹងរៀបចំពិធីបុណ្យសពប្រកបដោយសុវត្ថិភាព និងភាពឧឡារិកបំផុត។ ចំណែកខាងមន្ទីរសុខាភិបាលក្រុងនឹងត្រូវទទួល និងផ្ទេរជំនួយថវិកានេះ ទៅកាន់មន្ទីរពេទ្យដែលរាយការណ៍អំពីការស្លាប់របស់អ្នកជំងឺ COVID-19 ។ គ្រួសាររបស់អ្នកស្លាប់ដែលនៅឯផ្ទះ នឹងអាចទទួលបានជំនួយតាមរយៈការបង្ហាញសំបុត្របញ្ជាក់ពីមរណភាពរបស់អ្នកស្លាប់ដោយសារជំងឺ COVID-19 ទៅកាន់អាជ្ញាធរមូលដ្ឋាន។ ជម្រាបដែរថា បច្ចុប្បន្នជនរងគ្រោះ COVID-19 ដែលស្លាប់ដោយសារជំងឺ COVID-19 នឹងត្រូវបូជានៅមជ្ឈមណ្ឌលបូជាសព Binh Hung Hoa ក្នុងស្រុក Binh Tan ៕


អត្ថបទ៖ លីដា
ប្រភព៖ VNexpress
- Share This Post:






