តារាចម្រៀងម៉ាឡេស៊ីដ៏ល្បីឈ្មោះ Siti Sarah Raisuddin បានទទួលមរណភាពដោយសារជំងឺកូវីដ១៩ បន្ទាប់ពីសម្រាលកូនបានប៉ុន្មានថ្ងៃ
- BY
- autoadmin
- August 11, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា តារាចម្រៀងម៉ាឡេស៊ីដ៏ល្បីល្បាញម្នាក់ បានស្លាប់ដោយសារជំងឺ COVID-19 ត្រឹមប៉ុន្មានថ្ងៃបន្ទាប់ពីនាងបានសម្រាលកូនរួច។ តារាចម្រៀងរូបនោះមានឈ្មោះថា Siti Sarah Raisuddin ហើយនាងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីក្រុមគ្រួសារទាំងមូលបានឆ្លងជំងឺនេះពីជំនួយការម្នាក់ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១។ ស្របពេលដែលខ្លួននាងផ្ទាល់កំពុងតែមានទម្ងន់ស្រាប់ផងនោះ វាបានធ្វើឱ្យស្ថានភាពជំងឺ COVID-19 របស់នាងកាន់តែធ្ងន់ធ្ងរ ដែលធ្វើឱ្យនាងដេកសន្លប់ (coma) ហើយកូនក្នុងពោះរបស់នាងត្រូវបានសម្រាលដោយការវះកាត់។

ក្រៅពីកូនដែលទើបតែសម្រាលនេះ រូបនាងនិងស្វាមីក៏មានកូនចំនួន ៣នាក់ ផ្សេងទៀតផងដែរ ដែលកូនបងគេមានអាយុ ១០ ឆ្នាំ។
ដំណឹងនៃការទទួលមរណភាពរបស់នាងបានធ្វើឱ្យអ្នកគាំទ្រ និងតារាផ្សេងទៀតមានការខូចចិត្តយ៉ាងខ្លាំង ខណៈព្រះមហាក្សត្រ និងមហាក្សត្រិយានីម៉ាឡេស៊ី ក៏បានចូលរួមរំលែកទុក្ខដល់គ្រួសាររបស់នាងផងដែរ។ នៅក្នុងការបង្ហោះនៅលើ Facebook សារពីព្រះបរមរាជវាំងបានសរសេរថា៖«ព្រះមហាក្សត្រ និងមហេសីរបស់ទ្រង់ បានសម្តែងការសោកស្តាយបំផុតចំពោះការទទួលមរណភាពរបស់ Siti Sarah Raisuddin ហើយសង្ឃឹមថាគ្រួសាររបស់នាងនឹងមានការអត់ធ្មត់ និងមានភាពអត់ធន់ ខណៈដែលពួកគេប្រឈមនឹងការបាត់បង់នេះ»។ មរណភាពរបស់ Siti Sarah Raisuddin បានកើតឡើងនៅពេលដែលប្រទេសម៉ាឡេស៊ី បានធ្វើការបន្ធូរបន្ថយការរឹតត្បិតទប់ស្កាត់ជំងឺ COVID-19 ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងពេញលេញរួច ទោះបីជាប្រទេសនេះកំពុងប្រឈមនឹងរលកឆ្លងដ៏អាក្រក់បំផុតក៏ដោយ៕


អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






