ប្រទេសចិនបានអនុញ្ញាតឱ្យមានសាកល្បងចំពោះការប្រើប្រាស់វ៉ាក់សាំងលាយបញ្ចូលគ្នា រវាងវ៉ាក់សាំងចិន Sinovac និងវ៉ាក់សាំង DNA របស់អាមេរិក
- BY
- autoadmin
- August 11, 2021
និយតករផលិតផលវេជ្ជសាស្ត្រចិន បានយល់ព្រមលើការសាកល្បងវ៉ាក់សាំងបង្ការជំងឺ COVID-19 លាយបញ្ចូលគ្នា រវាងវ៉ាក់សាំងចិន Sinovac និងវ៉ាក់សាំង DNA ដែលផលិតដោយក្រុមហ៊ុនឱសថអាមេរិក Inovio ។ ក្រុមហ៊ុនឱសថ Inovio បាននិយាយថា ការសាកល្បងនេះនឹងត្រូវចាប់ផ្ដើមនៅរដូវស្លឹកឈើជ្រុះនៅក្នុងប្រទេសចិន ហើយពួកគេនឹងធ្វើការវាយតម្លៃសុវត្ថិភាព និងសមត្ថភាពរួមបញ្ចូលគ្នារបស់វ៉ាក់សាំង ដើម្បីពិនិត្យមើលលើការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំចំពោះមនុស្សពេញវ័យ។ គំនិតនៃការសាកល្បងនេះបានកើតមានឡើង បន្ទាប់ពីកន្លងមកគេបានមើលឃើញពីលទ្ធផលជោគជ័យនៃការលាយបញ្ចូលគ្នារវាងវ៉ាក់សាំរបស់ AstraZeneca និងវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ដែលវាមានប្រសិទ្ធភាពលើពីកម្រិតស្ដង់ដារវ៉ាក់សាំងតែមួយមុខ។

មន្ត្រីសុខាភិបាលចិនមានការព្រួយបារម្ភទៅលើគុណភាពរបស់វ៉ាក់សាំងចិន ដែនមានប្រសិទ្ធភាពទាបជាងវ៉ាក់សាំងដទៃ។ ប៉ុន្តែយ៉ាងណាក៏ដោយ Sinovac ក៏ទើបតែបានរាយការណ៍ថា ការសិក្សាលើមនុស្សចំនួន ៣០០នាក់ ដែលមានអាយុលើសពី ៦០ឆ្នាំ បានបង្ហាញថា វ៉ាក់សាំងដូសទី៣របស់ខ្លួន អាចបន្ដប្រសិទ្ធភាពរបស់វ៉ាក់សាំងរហូតដល់ ៨ខែ ឬច្រើនខែជាងនេះ បន្ទាប់ពីវ៉ាក់សាំងទី២ បានចុះថយប្រសិទ្ធភាពក្រោយរយៈពេល ៦ខែ ចំពោះមនុស្សចាស់អាយុលើសពី ៦០ឆ្នាំ ។ វ៉ាក់សាំងដូសទី៣ ក៏អាចបង្កើនកម្រិតអង់ទីករពី ៣ ទៅ ៥ដង នៅក្នុងចំណោមមនុស្សអាយុពី ១៨ ទៅ ៥៩ឆ្នាំ ទៀតផង។ ចំណែកឯវ៉ាក់សាំង Inovio ឯណោះវិញ គេនៅមិនទាន់មានពត៌មានល្អិតពីវានៅឡើយទេដោយសារវាជាវ៉ាក់សាំងចំណូលថ្មី៕

អត្ថបទ៖ លីដា
ប្រភព៖ SCMP
- Share This Post:






