រដ្ឋកាលីហ្វ័រញ៉ានឹងក្លាយជារដ្ឋដំបូងគេនៅសហរដ្ឋអាមេរិក ដែលតម្រូវឱ្យគ្រូបង្រៀន និងបុគ្គលិកសាលារៀន ត្រូវចាក់វ៉ាក់សាំងបង្ការ ឬធ្វើតេស្តរកជំងឺកូវីដ១៩ ជារៀងរាល់សប្ដាហ៍
- BY
- autoadmin
- August 12, 2021
អភិបាលរដ្ឋកាលីហ្វ័រញ៉ាលោក Gavin Newsom បានប្រកាសកាលពីថ្ងៃពុធថា រដ្ឋនឹងអនុវត្តវិធានការមួយ ដែលតម្រូវឱ្យគ្រូបង្រៀន និងបុគ្គលិកសាលារៀនទាំងអស់ ត្រូវតែទទួលថ្នាំបង្ការជំងឺ COVID-19 នៅពេលត្រឡប់ទៅសាលារៀនក្រោយវិស្សមកាលរដូវក្ដៅរួច ចំពេលមានការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺ COVID-19 ។ ដូច្នេះវានឹងធ្វើឱ្យកាលីហ្វ័រញ៉ាក្លាយជារដ្ឋដំបូងគេរបស់សហរដ្ឋអាមេរិក ដែលនឹងតម្រូវឱ្យគ្រូបង្រៀន ឬបុគ្គលិកសាលារៀនធ្វើបែបនេះ ដើម្បីធានាថាសាលារៀនអាចបើកទ្វារបានរលូន និងមានសុវត្ថិភាព។

យោងតាមបទបញ្ជាសុខភាពសាធារណៈថ្មី ដែលចេញដោយនាយកដ្ឋានសុខភាពសាធារណៈរដ្ឋកាលីហ្វ័រញ៉ា បានកំណត់ថា បុគ្គលិកសាលាទាំងអស់នឹងត្រូវបង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំងពេញលេញ ឬត្រូវធ្វើតេស្តយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍។ គោលនយោបាយថ្មីនេះនឹងចូលជាធរមាននៅថ្ងៃព្រហស្បតិ៍ ហើយសាលារៀនត្រូវតែអនុវត្តឱ្យបានពេញលេញត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។ ថ្វីបើច្បាប់តម្រូវឱ្យមានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 កំពុងបង្កើតភាពចម្រូងចម្រាសនៅអាមេរិកក៏ដោយ ក៏មន្រ្តីរដ្ឋកាលីហ្វ័រញ៉ាទទូចថា ការចាក់វ៉ាក់សាំង គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការការពារពលរដ្ឋពីជំងឺ COVID-19 ៕


អត្ថបទ៖ លីដា
ប្រភព៖ ស៊ីនហួរ
- Share This Post:






