ប្រទេសថៃគ្រោងនឹងសាកល្បងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បាញ់តាមច្រមុះចំនួន ២ប្រភេទ នៅចុងឆ្នាំនេះ
- BY
- autoadmin
- August 12, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Phuket News នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា មជ្ឈមណ្ឌលជាតិសម្រាប់វិស្វកម្មហ្សែន និងជីវបច្ចេកវិទ្យាថៃ ឬ Biotec រំពឹងថានឹងអាចធ្វើការសាកល្បងជាលើកដំបូងលើមនុស្ស សម្រាប់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដោយការបាញ់បញ្ចូលតាមច្រមុះ (nasal spray) ចំនួន ២ប្រភេទ នៅចុងឆ្នាំនេះ។ វ៉ាក់សាំងទាំង ២ ត្រូវបានបង្កើតឡើងដោយផ្អែកលើវីរុសអាដេណូ Adenovirus និងវីរុសគ្រុនផ្តាសាយ Influenza ហើយការសាកល្បងលើសត្វកណ្តុរកន្លងមក ក៏បានបង្ហាញពីប្រសិទ្ធភាពល្អរបស់វាផងដែរ។ វ៉ាក់សាំងទាំង ២ នេះត្រូវបានបង្កើតរួមគ្នាជាមួយក្រុមហ៊ុនផលិតឱសថ KinGen BioTech ហើយវាបានបំពេញតាមស្តង់ដារសុវត្ថិភាពផលិតកម្ម (GMP) ទៀតផង។

តំណាងរបស់ Biotec បាននិយាយថា កន្លងមកពួកគេបានធ្វើការសាកល្បងលើសត្វកណ្ដុរ (ឆ្លងជំងឺ COVID-19) ដោយប្រើប្រាស់ប្រភេទវ៉ាក់សាំងដែលបង្កើតឡើងដោយផ្អែកលើវីរុសអាដេណូ ហើយពួកគេបានរកឃើញថា សត្វកណ្ដុរមិនបានធ្លាក់ខ្លួនឈឺនោះទេបន្ទាប់ពីនោះ ប៉ុន្តែមានការឡើងទម្ងន់ បើប្រៀបនឹងការសាកល្បងជាមួយវ៉ាក់សាំងដែលចាក់ទៅក្នុងសាច់ដុំ (intramuscular injections) ។ យ៉ាងណាក៏ដោយ ព័ត៌មានលម្អិតទាក់ទងនឹងវ៉ាក់សាំងបាញ់តាមច្រមុះនេះ នៅមិនទាន់មាននៅឡើយទេ ខណៈមជ្ឈមណ្ឌលជាតិ Biotec មានបំណងនឹងប្រើប្រាស់វ៉ាក់សាំងដែលផ្អែកលើវីរុសអាដេណូ សម្រាប់ការសាកល្បងលើជំងឺ COVID-19 វ៉ារ្យ៉ង់ Delta ដោយសារថាសព្វថ្ងៃនេះ ៩០% នៃអ្នកជំងឺ COVID-19 នៅក្នុងប្រទេសថៃគឺឆ្លងវ៉ារ្យ៉ង់ Delta នេះឯង៕


អត្ថបទ៖ លីដា
ប្រភព៖ The Phuket News
- Share This Post:






