ក្មេងប្រុសមីយ៉ាន់ម៉ាអាយុ ១៣ ឆ្នាំម្នាក់ស្ម័គ្រចិត្តប្រមូល និងរៀបចំបូជាអ្នកជំងឺកូវីដ១៩ ខណៈប្រទេសទាំងមូលកំពុងប្រឈមនឹងការឆ្លងកាន់តែអាក្រក់
- BY
- autoadmin
- August 13, 2021
ស្របពេលដែលជំងឺ COVID-19 កំពុងវាយប្រហារយ៉ាងខ្លាំងទៅកាន់ផ្នែកខ្លះនៅលើពិភពលោក មានការងារមួយចំនួន គឺតម្រូវឱ្យមនុស្សមានភាពក្លាហាន បោះបង់ពេលវេលាផ្ទាល់ខ្លួន និងប្រថុយប្រថានជាមួយនឹងសុខភាព រស់នៅជាមួយសាកសពជារៀងរាល់ថ្ងៃ។ ជាក់ស្ដែងដូចជាកុមារាម្នាក់នេះ គាត់មានឈ្មោះថា Tun Lin Naing មានអាយុ ១៣ឆ្នាំ រៀនថ្នាក់ទី៧ ហើយគាត់បានលះបង់ពេលវេលារបស់គាត់ មកជួយសម្រាលបន្ទុកនៅឯសមាគមជំនួយបុណ្យសពឥតគិតថ្លៃមួយកន្លែង ដែលតម្រូវឱ្យគាត់ត្រូវធ្វើការជាមួយសាកសពអ្នកដែលស្លាប់ដោយសារជំងឺ COVID-19 ជារៀងរាល់ថ្ងៃ។

បើតាមការចុះផ្សាយរបស់សារព័ត៌មាន Nextshark បាននិយាយថា ដំបូងឡើយកុមារាបានចូលរួមជាមួយសមាគមជំនួយបុណ្យសពឥតគិតថ្លៃ Metta Thingaha ដែលមានទីតាំងស្ថិតនៅទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា ដោយសារតែគាត់ត្រូវការប្រាក់សម្រាប់ការសិក្សា។ គាត់បានចាប់ផ្ដើមដំបូង កាលពីខែធ្នូ ឆ្នាំ២០២០ ដោយការជួយភារកិច្ចរដ្ឋបាលនៅក្នុងសមាគមន៍ ហើយក្រោយមកទៀតគាត់ក៏បានចូលរួមស្ម័គ្រចិត្ត ដោយប្រមូលសាកសព និងរៀបចំបូជាសាកសពអ្នកជំងឺ COVID-19 នៅពេលដែលចាំបាច់ ខណៈដែលប្រទេសនេះប្រឈមនឹងការឆ្លងកាន់តែអាក្រក់ឡើងៗ។
កុមារា Tun Lin Naing បាននិយាយថា ដំបូងឡើយគាត់មានអារម្មណ៍ថាខ្លាច នៅពេលដែលត្រូវធ្វើការជាមួយសាកសព ប៉ុន្តែក្រោយពីបានសាំជាមួយនឹងការងារនេះរួចហើយនោះ គាត់មានអារម្មណ៍ធម្មតាជាមួយនឹងការងារ។ គាត់បង្ហើបថា គាត់តែងតែមានសេចក្តីអាណិតចំពោះសាកសព និងគ្រួសារសពរបស់សព ដែលត្រូវបាត់បង់មនុស្សជាទីស្រឡាញ់របស់ពួកគេ។ កុមារាត្រូវបានគេដឹងថា ជាមនុស្សឧស្សាហ៍ព្យាយាម ហើយគាត់មានការប្រុងប្រយ័ត្នជានិច្ចចំពោះការងារ ហើយសូម្បីតែការពាក់ឈុតការពារ PPE ក៏គាត់ពាក់បានល្អជាងមនុស្សធំខ្លះដែរ។
ចំណែកឯឪពុករបស់កុមារា Tun Lin Naing ឯណោះវិញ គាត់មានមោទកភាពលើកូនប្រុសយ៉ាងខ្លាំង នៅពេលដែលកុមារាមិនចាយពេលវេលាដូចក្មេងៗដទៃ ហើយគាត់បាននិយាយថា កូនប្រុសគាត់បានក្លាយជា «និមិត្តរូបនៃក្តីសង្ឃឹម» ដោយសារស្មារតីមនុស្សធម៌របស់គាត់ ហើយគាត់នឹងទទួលពរពីការជួយអ្នកដទៃនេះ។ គួរឱ្យដឹងដែរថា ប្រទេសមីយ៉ាន់ម៉ាសព្វថ្ងៃនេះមានករណីជំងឺ COVID-19 ច្រើនជាង ៣៤១,០០០ ករណី និងការស្លាប់ច្រើនជាង ១២,០០០ ករណី ខណៈដែលប្រទេសទាំងមូលកំពុងមានវិបត្តិទាំងប្រព័ន្ធវេជ្ជសាស្ត្រ និងនយោបាយ៕


អត្ថបទ៖ លីដា
ប្រភព៖ Nextshark
- Share This Post:






