អន្តរជាតិ

ប្រទេសវៀតណាមគ្រោងនឹងផលិតឱ្យប្រើប្រាស់នូវវ៉ាក់សាំង Nano Covax ដែលជាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បង្កើតឡើងនៅក្នុងស្រុក នៅខែក្រោយនេះ

BY
autoadmin
August 14, 2021

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានប្រាប់អ្នកវិទ្យាសាស្ត្រ អង្គភាព និងអាជីវកម្ម ដែលបានចូលរួមក្នុងការផលិត និងការស្រាវជ្រាវវ៉ាក់សាំងបង្ការជំងឺ COVID-19 នៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ថ្មីៗនេះថា ប្រទេសវៀតណាមអាចនឹងមានវ៉ាក់សាំងបង្ការជារបស់ខ្លួន នៅខែកញ្ញាខាងមុខនេះ។ ជាមួយគ្នានេះដែរ លោកបានជំរុញឱ្យមានការផលិតវ៉ាក់សាំងនេះឱ្យបានលឿនបំផុតតាមដែលអាចធ្វើបាន ខណៈដែលវ៉ាក់សាំង Nano Covax ដែលវៀតណាមបង្កើតឡើងដោយខ្លួនឯង ត្រូវបានគេរំពឹងថា នឹងត្រូវចាប់ផ្ដើមផលិតនៅខែក្រោយនេះ ប្រសិនបើគ្រប់យ៉ាងមានភាពរលូនទៅតាមកំណត់។

លោកនាយករដ្ឋមន្ត្រីបានបន្តថា ដើម្បីទទួលបានវ៉ាក់សាំងការពារជំងឺ COVID-19 ដ៏ល្អប្រសើរ ប្រទេសរបស់លោកចាំបាច់ត្រូវអនុវត្តឱ្យបានស៊ីជម្រៅ នូវការនាំចូលវ៉ាក់សាំង ការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង និងការស្រាវជ្រាវនិងផលិតវ៉ាក់សាំង ព្រោះថាការងារទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ សម្រាប់ឱ្យប្រទេសនេះអាចផលិតវ៉ាក់សាំងក្នុងស្រុករបស់ខ្លួនបាន។ គួរឱ្យដឹងដែរថា កន្លងមកក្រសួងសុខាភិបាល និងទីភ្នាក់ងារពាក់ព័ន្ធវៀតណាម ក៏ធ្លាប់បានប្រកាសពីការសាកល្បងលើមនុស្សជាដំណាក់កាល សម្រាប់វ៉ាក់សាំងបង្ការជំងឺ COVID-19 ក្នុងស្រុកចំនួន ២ គឺ Nano Covax ដែលបង្កើតឡើងដោយក្រុមហ៊ុន Nanogen និង COVIVAC ដោយវិទ្យាស្ថានវ៉ាក់សាំង និងជីវវេជ្ជសាស្ត្រ IVAC ផងដែរ ហើយវ៉ាក់សាំង Nano Covax កំពុងក្លាយជាបេក្ខភាពដំបូងសម្រាប់ការផលិតឱ្យប្រើប្រាស់នេះ៕

អត្ថបទ៖ លីដា
ប្រភព៖ Vietnam News Agency , Vietnam Insider

Share This Post: