អន្តរជាតិ

នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Muhyiddin Yassin ទំនងជានឹងប្រកាសចុះចេញពីតំណែងនៅថ្ងៃនេះ ដោយសារវិបត្តិនយោបាយ និងការបាត់បង់សំឡេងក្នុងសភា

BY
autoadmin
August 16, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បាននិយាយថា នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Muhyiddin Yassin ត្រូវបានគេរំពឹងថា នឹងចុះចេញពីតំណែងនៅថ្ងៃច័ន្ទនេះ បន្ទាប់ពីវិបត្តិនយោបាយជាច្រើនខែ និងការបាត់បង់សំឡេងភាគច្រើនរបស់លោក។ គិតមកទល់នឹងពេលនេះ លោកបានដឹកនាំប្រទេសម៉ាឡេស៊ីអស់រយៈពេលជាង ១៧ ខែ រួចមកហើយ ជាមួយនឹងភាពចម្រូងចម្រាសជាច្រើន ហើយប្រសិនបើការចុះចេញពីតំណែងនេះត្រូវបានបញ្ជាក់ពិតមែននោះ វាកាន់តែធ្វើឱ្យប្រទេសនេះមានភាពយ៉ាប់យ៉ឺន ដោយសារថា ប្រទេសនេះគ្មានបេក្ខភាពបន្ទាប់ច្បាស់លាស់នៅឡើយទេ។

វាមិនច្បាស់ភ្លាមៗទេថា អ្នកណាអាចបង្កើតរដ្ឋាភិបាលបន្ទាប់ពីលោក Muhyiddin Yassin ព្រោះគ្មាននរណាមានសំឡេងភាគច្រើននៅក្នុងសភា ខណៈប្រទេសនេះមិនអាចប្រាកដបានថា អាចរៀបចំការបោះឆ្នោតនៅអំឡុងពេលនេះបានដែរ ឬទេ។ គួរឱ្យដឹងដែរថា អត្រាឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 របស់ប្រទេសម៉ាឡេស៊ី មានរហូតដល់ទៅ ១ លានករណី ដែលជាចំនួនខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍នេះ។ ការសម្រេចចិត្តនេះ ទំនងជាត្រូវប្រគល់ទៅព្រះមហាក្សត្រ Al-Sultan Abdullah ព្រោះមានតែទ្រង់ទេ ទើបអាចតែងតាំងនាយករដ្ឋមន្រ្តីថ្មីបាន នៅក្នុងស្ថានភាពបែបនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: