ប្រទេសជប៉ុនគ្រោងនឹងពន្យារពេល «ស្ថានភាពគ្រាអាសន្ន» នៅក្នុងប្រទេស រហូតដល់ពាក់កណ្ដាលខែកញ្ញា
- BY
- autoadmin
- August 16, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅថ្ងៃច័ន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសជប៉ុនគ្រោងនឹងពន្យារពេល «ស្ថានភាពគ្រាអាសន្ន» នៅក្នុងតំបន់មួយចំនួនរបស់ប្រទេស ដោយរួមទាំងទីក្រុងតូក្យូ រហូតដល់ពាក់កណ្ដាលខែក្រោយ។ ទន្ទឹមនឹងនេះដែរ ប្រទេសនេះក៏នឹងដាក់បន្ថែមតំបន់មួយចំនួនទៀត ចូលទៅក្នុងស្ថានភាពគ្រាអាសន្នរបស់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតពីជំងឺ COVID-19 ជាពិសេសគឺវ៉ារ្យ៉ង់ Delta ដែលកំពុងយាយីប្រទេសនេះយ៉ាងខ្លាំង។

ជម្រាបដែរថា ស្ថានភាពគ្រាអាសន្នបច្ចុប្បន្នរបស់ប្រទេសជប៉ុន នឹងត្រូវផុតកំណត់នៅថ្ងៃទី៣១ ខែសីហា ប៉ុន្តែដោយសារការកើនឡើងករណីជំងឺ COVID-19 វាបានជំរុញឱ្យមានការពន្យារពេល។ ទូរទស្សន៍សាធារណៈ NHK បានរាយការណ៍ថា រដ្ឋាភិបាលជប៉ុន និងដៃគូពាក់ព័ន្ធ កំពុងមានការព្រួយបារម្ភលើការប្រកួតកីឡាប៉ារ៉ាឡាំពិកទីក្រុងតូក្យូ ដែលនឹងត្រូវចាប់ផ្តើមពីថ្ងៃទី២៤ ខែសីហានេះ ខណៈពួកគេនឹងត្រូវធ្វើការសម្រេចចិត្តនៅថ្ងៃច័ន្ទនេះ ថាតើត្រូវដោះស្រាយបញ្ហាអ្នកចូលទស្សនាយ៉ាងដូចម្តេច៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






