ភ្ញាក់ផ្អើល! អាជ្ញាធរនៃប្រទេសចិនបានរកឃើញវត្តមានវីរុសកូវីដ-១៩ នៅលើប្រអប់ទុរេនដែលនាំចូលពីប្រទេសថៃ
- BY
- autoadmin
- August 17, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១ បានរាយការណ៍ថា ទីផ្សារមួយនៅទីក្រុង Ganzhou របស់ប្រទេសចិន បានរកឃើញវត្តមានជំងឺ COVID-19 នៅលើប្រអប់ទុរេនដែលនាំចូលពីប្រទេសថៃ នេះបើតាមការប្រកាសរបស់ការិយាល័យកិច្ចការកសិកម្មនៅក្រោមស្ថានទូតថៃប្រចាំទីក្រុងប៉េកាំង។ ការិយាល័យបានពន្យល់ថា ការរកឃើញនេះបានកើតឡើងនៅផ្សារ Haudongcheng កាលពីថ្ងៃទី១៣ ខែសីហា ហើយអ្នកប៉ះពាល់ក៏ត្រូវបានគេដាក់ឱ្យនៅដោយឡែក ដើម្បីរង់ចាំការពិនិត្យសុខភាពរកជំងឺ COVID-19 ផងដែរ។

ទន្ទឹមនឹងនេះដែរ ប្រអប់ទុរេនទាំងអស់នឹងត្រូវប្រមូលមករក្សាទុកដើម្បីសុវត្ថិភាព ចំណែកផ្លែឈើមួយចំនួន និងតំបន់ពាក់ព័ន្ធនៅក្នុងផ្សារ ត្រូវបានបាញ់ថ្នាំសម្លាប់មេរោគ។ ការិយាល័យបាននិយាយថា ខ្លួនបានពិភាក្សាបញ្ហានេះជាមួយអគ្គនាយកដ្ឋានគយចិន ហើយក៏គ្មានការបិទទំនិញនាំចូលមកពីប្រទេសថៃនោះដែរ ដោយសារថាបញ្ហានេះត្រូវបានរកឃើញនៅក្នុងផ្សារ មិនមែននៅច្រកត្រួតពិនិត្យនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ បញ្ហានេះនឹងជះឥទ្ធិពលយ៉ាងខ្លាំងចំពោះការបញ្ជាទិញទុរេនពីប្រទេសថៃ ដោយសារថាព័ត៌មាននេះ ត្រូវបានផ្សព្វផ្សាយពាសពេញបណ្ដាញសង្គមរួចទៅហើយ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






