ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទីក្រុងបាងកកបើកមជ្ឈមណ្ឌលចត្តាឡីស័កថ្មីមួយ នៅឯស្ថានីយរថភ្លើង Bang Sue Grand ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩ ប្រភេទស្រាលៗ

    BY autoadmin August 17, 2021
    ទីក្រុងបាងកកបើកមជ្ឈមណ្ឌលចត្តាឡីស័កថ្មីមួយ នៅឯស្ថានីយរថភ្លើង Bang Sue Grand ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩ ប្រភេទស្រាលៗ

    រដ្ឋបាលក្រុងបាងកក (BMA) បានបើកមជ្ឈមណ្ឌលចត្តាឡីស័កថ្មីមួយ នៅឯស្ថានីយរថភ្លើង Bang Sue Grand ក្នុងសង្កាត់ Chatuchak នៅថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand ។ វាគឺជាមជ្ឈមណ្ឌលចត្តាឡីស័កទី៣ សម្រាប់អ្នកជំងឺ COVID-19 ដែលមានរោគសញ្ញាស្រាលៗ ជាមួយនឹងសមត្ថភាពផ្ទុក ៤០០ នាក់ ដោយមានស្ត្រី ២០០ នាក់ និងបុរស ២០០​ នាក់ ហើយមន្ទីរពេទ្យ Thonburi Bamrungmuang គឺជាអ្នកទទួលខុសត្រូវក្នុងការមើលថែរក្សាពួកគេ។

    មជ្ឈមណ្ឌលនេះត្រូវបានបំពាក់ដោយកន្លែងពិនិត្យអ្នកជំងឺ សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ប្រព័ន្ធសន្តិសុខ បន្ទប់ទឹក និងប្រព័ន្ធគ្រប់គ្រងកាកសំណល់។ ទន្ទឹមនឹងនេះដែរ មជ្ឈមណ្ឌលនឹងចាត់ចែងគ្រែ មុង កន្សែង សាប៊ូដុសខ្លួន ថ្នាំដុសធ្មេញ ម៉ាសបិទមុខ និងជែលលាងដៃ សម្រាប់អ្នកជំងឺ COVID-19 ផងដែរ។ ជម្រាបដែរថា គិតមកទល់នឹងពេលនេះ BMA បានដំណើរការមជ្ឈមណ្ឌលចត្តាឡីស័កចំនួន ៦៩ នៅទូទាំងរាជធានីបាងកក ដើម្បីផ្ទុកអ្នកជំងឺឱ្យបាន ៩,១៩០ នាក់ ហើយក្នុងនោះមានមជ្ឈមណ្ឌលចំនួន ៧ កំពុងដំឡើងទៅជាកន្លែងព្យាបាលអ្នកជំងឺ COVID-19 ប្រភេទស្រាលៗ ដើម្បីជួយសម្រាលបន្ទុកតាមមន្ទីរពេទ្យ ខណៈដែលចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងទីក្រុងមានការកើនឡើងជាលំដាប់៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Nation Thailand

    Share This Post: