ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោកយាយជនជាតិថៃវ័យ ៧០ឆ្នាំម្នាក់ បានច្រឡំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដចំនួន ២លើក ក្នុងថ្ងៃតែមួយ ប៉ុន្តែសំណាងល្អមិនមានបញ្ហាដល់សុខភាព

    BY autoadmin August 18, 2021
    លោកយាយជនជាតិថៃវ័យ ៧០ឆ្នាំម្នាក់ បានច្រឡំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដចំនួន ២លើក ក្នុងថ្ងៃតែមួយ ប៉ុន្តែសំណាងល្អមិនមានបញ្ហាដល់សុខភាព

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១ នេះបានរាយការណ៍ថា លោកយាយម្នាក់មានឈ្មោះថា Somwang អាយុ ៧០ឆ្នាំ រស់នៅស្រុក Nang Rong របស់ខេត្តបូរីរាម បានច្រឡំចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 រហូតដល់ទៅ ២លើក ក្នុងថ្ងៃតែមួយ នៅពេលដែលគាត់ទៅទទួលវ៉ាក់សាំងបង្ការ AstraZeneca នៅឯស្រុក Muang កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ដោយមានទាំងស្វាមី និងកូនប្រុស ដែលធ្វើការជាមេធាវីទៅជាមួយផងដែរ។

    លោកយាយបាននិយាយប្រាប់សារព័ត៌មានថា គាត់បានទៅទទួលវ៉ាក់សាំងដូសទី២ របស់ AstraZeneca បន្ទាប់ពីបានចាក់វ៉ាក់សាំងដូសទី១ របស់ Sinovac កាលពីចុងខែកក្កដា។ នៅពេលទៅដល់កន្លែងចាក់វ៉ាក់សាំង រូបគាត់ ប្ដី និងកូន បានឆ្លងកាត់ដំណើរការធ្វើឯកសារ ពិនិត្យសម្ពាធឈាម និងកម្ដៅជាធម្មតា ហើយក្រោយមកពួកគាត់ទាំង ៣ ក៏ត្រូវបានគេហៅទៅច្រកចាក់វ៉ាក់សាំង ប៉ុន្តែគាត់ទាំង ៣នាក់ ត្រូវអង្គុយនៅតុផ្សេងពីគ្នា។

    បន្ទាប់មកមានគ្រូពេទ្យម្នាក់បានចាក់វ៉ាក់សាំង AstraZeneca ឱ្យគាត់នៅដៃខាងស្ដាំ ហើយប្រាប់ឱ្យគាត់នៅអង្គុយរង់ចាំបន្ដិចសិន។ លុះក្រោយមកទៀតក៏មានពេទ្យម្នាក់ទៀត បានហៅគាត់ទៅអង្គុយនៅតុមួយផ្សេង ហើយក៏បានចាក់វ៉ាក់សាំងជូនគាត់ជាលើកទី២ នៅដៃខាងឆ្វេងម្ដង។ លោកយាយមិនបានដឹងថា វាជាកំហុសរបស់ពេទ្យនោះទេ រហូតដល់ពេលចាកចេញពីច្រកចាក់វ៉ាក់សាំង គាត់បានប្រាប់ប្ដី និងកូន ថាគាត់ត្រូវបានគេចាក់វ៉ាក់សាំង ២ លើក។ គ្រួសាររបស់គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែមិនបានផ្ដល់ដំណឹងទៅវិញភ្លាមៗទេ។

    ក្រោយមកទៀត កូនប្រុសរបស់លោកយាយក៏បានជូនដំណឹងទៅការិយាល័យសុខភាពសាធារណៈខេត្តតាមទូរស័ព្ទ ហើយមន្រ្តីនៅទីនោះបានខលទូរស័ព្ទត្រឡប់មកវិញ ដើម្បីសួរពីស្ថានភាពម្តាយរបស់គាត់ជាប្រចាំ។ យ៉ាងណាក៏ដោយ រហូតមកទល់ពេលនេះលោកយាយនៅមានសុខភាពធម្មតានៅឡើយ ហើយកូនប្រុសគាត់ក៏មិនបានរៀបចំឯកសារធ្វើការប្ដឹងលើគ្រូពេទ្យដែលចាក់វ៉ាក់សាំងច្រឡំឱ្យម្ដាយគាត់នោះដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្ដិ៍

    Share This Post: