អន្តរជាតិ

អ្នកជំនាញជាន់ខ្ពស់របស់ប្រទេសថៃនិយាយថា វ៉ាក់សាំង Sinovac មានប្រសិទ្ធភាព ៩៨% លើការការពារហានិភ័យឆ្លងធ្ងន់ធ្ងរ និងមរណភាពពីជំងឺកូវីដ១៩

BY
autoadmin
August 18, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បាននិយាយថា វ៉ាក់សាំងរបស់ក្រុមហ៊ុនឱសថចិន Sinovac គឺមានប្រសិទ្ធិភាព ៩៨% ក្នុងការការពារពីការស្លាប់ និងរោគសញ្ញាធ្ងន់ធ្ងរនៃជំងឺ COVID-19 នៅពេលដែលពលរដ្ឋចាក់វ៉ាក់សាំងគ្រប់ទាំង ២ដូស នេះបើតាមប្រសាសន៍របស់វេជ្ជបណ្ឌិតលោក Thaweesub Sirapraphasiri ដែលជាអ្នកជំនាញជាន់ខ្ពស់របស់នាយកដ្ឋានត្រួតពិនិត្យជំងឺនៃប្រទេសថៃ។ ជម្រាបដែរថា វ៉ាក់សាំង Sinovac ជាទូទៅមានប្រសិទ្ធភាព ៧២% ក្នុងការការពារការឆ្លងជំងឺ COVID-19 នៅពេលចាក់គ្រប់ចំនួនទាំង ២ ដូស។

លោកបាននិយាយថា៖«ចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣១ ខែកក្កដា មានក្រុមគ្រូពេទ្យចំនួន ៣,៩០៦ នាក់ បានឆ្លងជំងឺ COVID-19 ។ ហើយប្រហែល ២,១៥៤ នាក់ ក្នុងចំណោមពួកគេបានទទួលវ៉ាក់សាំង Sinovac ទាំង ២ដូស យ៉ាងតិច ១៤ថ្ងៃ មុនពេលឆ្លង»។ លោកបាននិយាយថា បើតាមការប្រៀបធៀបសំណាករបស់អ្នកជំងឺ COVID-19 ចំនួន ៥៩៨ នាក់ ដែលមិនធ្លាប់ចាក់ថ្នាំវ៉ាក់សាំង Sinovac វាបានបង្ហាញាថា វ៉ាក់សាំងមានប្រសិទ្ធភាព ៩៨% ក្នុងការការពារអ្នកជំងឺមិនឱ្យមានរោគសញ្ញាធ្ងន់ធ្ងរ ឬស្លាប់។

លោកវេជ្ជបណ្ឌិតនិយាយថា ការការពារការឆ្លងរបស់វ៉ាក់សាំង Sinovac ចាប់ពីខែឧសភា ទៅខែកក្កដា នៅតែមានប្រសិទ្ធភាពជាមធ្យមលើសពី ៧០% ដែលមានន័យថា វ៉ាក់សាំងនេះនៅតែមានប្រសិទ្ធភាព បើទោះជាមានការឆ្លងយ៉ាងខ្លាំងពីវ៉ារ្យ៉ង់ Delta នាពេលឥឡូវនេះក៏ដោយ។ លោកបានបន្ថែមថា ទាំងវ៉ាក់សាំង Sinovac និង AstraZeneca គឺមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារពីការស្លាប់ និងរោគសញ្ញាធ្ងន់ធ្ងរដូចគ្នា ដូច្នេះពលរដ្ឋក្នុងក្រុមមានហានិភ័យខ្ពស់ គួរតែប្រញាប់ស្វែងរកការចាក់ថ្នាំបង្ការ៕

អត្ថបទ៖ លីដា
ប្រភព៖ Nation Thailand

Share This Post: