ប្រទេសជប៉ុននឹងរៀបចំឱ្យបុគ្គលិកសុខាភិបាលទទួលបានវ៉ាក់សាំងដូសទី៣ ប្រសិនបើក្រសួងសុខាភិបាលគិតថាវាចាំបាច់
- BY
- autoadmin
- August 19, 2021
រដ្ឋមន្ត្រីទទួលបន្ទុកការចាក់ថ្នាំបង្ការជំងឺ COVID-19 លោក Kono Taro នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១ នេះបាននិយាយថា រដ្ឋាភិបាលជប៉ុនកំពុងរៀបចំផ្តល់ការចាក់វ៉ាក់សាំងដូសទី៣ ដល់បុគ្គលិកសុខាភិបាលរបស់ខ្លួន ប្រសិនបើក្រសួងសុខាភិបាលយល់ព្រមអនុញ្ញាតឱ្យមានការប្រើប្រាស់ ដោយបានលើកឡើងពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ដែលនឹងធ្វើការផ្ដល់ជូនវ៉ាក់សាំងដូសទី៣ ដល់ពលរដ្ឋរបស់ខ្លួននៅខែក្រោយនេះ។

ប៉ុន្តែស្របពេលជាមួយគ្នានេះដែរ លោក Kono Taro បានបន្ថែមថា រដ្ឋាភិបាលជប៉ុននៅតែផ្ដោតសំខាន់ជាអាទិភាព ដើម្បីឱ្យពលរដ្ឋអាចទទួលបានវ៉ាក់សាំងគ្រប់ចំនួនដូស យ៉ាងឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ លោកបាននិយាយថា ប្រទេសជប៉ុនបានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដល់បុគ្គលិកពេទ្យរបស់ខ្លួននៅក្នុងខែកុម្ភៈ និងម្ដងទៀតនៅខែតុលាខាងមុខនេះ ហើយរដ្ឋាភិបាលនឹងរៀបចំឱ្យមានវ៉ាក់សាំងដូសទី៣ ឬដូសជំរុញ (booster) ឱ្យបានទាន់ពេលវេលា ប្រសិនបើក្រសួងសុខាភិបាលគិតថាវាចាំបាច់៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






