អន្តរជាតិ

ប្រទេសជប៉ុនបានសម្រេចផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្តុ ជូនដល់អ្នកដែលជួបបញ្ហាសុខភាពបន្ទាប់ពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩

BY
autoadmin
August 20, 2021

ក្រសួងសុខាភិបាលជប៉ុនបានសម្រេចផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ជូនដល់បុគ្គលដែលជួបបញ្ហាសុខភាពធ្ងន់ធ្ងរ បន្ទាប់ពីទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 ។ នេះគឺជាការសម្រេចចិត្តលើកដំបូងរបស់ប្រទេសជប៉ុន ដោយផ្អែកលើច្បាប់ដែលបានធ្វើវិសោធនកម្មស្តីពីការចាក់ថ្នាំបង្ការរោគ ដែលមានន័យថា រដ្ឋាភិបាលជប៉ុននឹងរ៉ាប់រងថ្លៃព្យាបាល និងផ្តល់ប្រាក់រហូតដល់ ៣៧,០០០ យ៉េន ឬប្រហែល ៣៤០ ដុល្លារ សម្រាប់ជាអត្ថប្រយោជន៍ប្រចាំខែ ជូនដល់អ្នកដែលធ្លាក់ខ្លួនជាជនពិការ ឬអ្នកបញ្ហាសុខភាពធ្ងន់ធ្ងរផ្សេងទៀត ដែលបណ្តាលមកពីការចាក់ថ្នាំបង្ការរោគ។

គណៈកម្មការជំនាញរបស់ក្រសួងសុខាភិបាល ក៏បានបើកកិច្ចប្រជុំបិទទ្វារមួយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ដើម្បីពិនិត្យលើពាក្យបណ្តឹងរបស់ពលរដ្ឋចំនួន ៤១នាក់ ដែលនិយាយថា ពួកគេជួបប្រទះនឹងស្ថានភាពសុខភាពធ្ងន់ធ្ងរ បន្ទាប់ពីចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ហើយពលរដ្ឋចំនួន ២៩នាក់ ក្នុងចំណោមពួកគេត្រូវបានគណៈកម្មការទទួលយកពាក្យបណ្ដឹងមកធ្វើការសិក្សា និងវាយតម្លៃ។

ប្រភពព័ត៌មានបាននិយាយថា ក្នុងចំណោមពលរដ្ឋទាំង ២៩នាក់ ដែលត្រូវបានគណៈកម្មការទទួលយកពាក្យបណ្ដឹង មានពលរដ្ឋចំនួន ២៣នាក់ ជួបបញ្ហាប្រតិកម្មអាណាហ្វីឡាក់ទិច (anaphylaxis) ឬស្រដៀងនេះ ខណៈពលរដ្ឋ ៦ នាក់ផ្សេងទៀត មានបញ្ហាអាឡែរហ្សី (acute allergic symptoms) ។ ចំណែកពលរដ្ឋចំនួន ១២នាក់ ដែលនៅសេសសល់ គឺខាងគណៈកម្មការនឹងបន្ដពិនិត្យបន្ថែមទៀត ហើយពួកគេក៏នឹងរង់ចាំទទួលបណ្ដឹងថ្មីៗពីពលរដ្ឋផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: