យ៉ាងហោចណាស់មានមនុស្ស ២១នាក់ បានបាត់បង់ជីវិត និង ២០នាក់ ផ្សេងទៀតបានបាត់ខ្លួន ដោយសារភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋ Tennessee សហរដ្ឋអាមេរិក
យ៉ាងហោចណាស់មានមនុស្សចំនួន ២១ នាក់បានស្លាប់ និងប្រហែល ២០ នាក់កំពុងបាត់ខ្លួន ខណៈដែលទីក្រុង និងទីប្រជុំជននៅភាគខាងត្បូងសហរដ្ឋអាមេរិក ត្រូវបានរងគ្រោះដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់កាលពីចុងសប្តាហ៍។ ភ្លៀងធ្លាក់យ៉ាងគំហុកនៅស្រុក Humphreys ក្នុងរដ្ឋ Tennessee ភាគខាងត្បូងកាលពីថ្ងៃសៅរ៍ បានធ្វើឱ្យមានការជន់លិចផ្ទះ និងខូចខាតផ្លូវយ៉ាងធ្ងន់ធ្ងរ ខណៈអាជ្ញាធរកំពុងស្វែងរកអ្នកបាត់ខ្លួន និងជួសជុលផ្លូវដែលខូចខាត។

ចំណែកឯនៅភាគឦសានរបស់សហរដ្ឋអាមេរិក ព្យុះត្រូពិចបានធ្វើឱ្យបាក់ដីនៅរដ្ឋ Rhode ហើយភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ត្រាក់ បានបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនី ប៉ះពាល់ដល់អ្នកស្រុកប្រមាណ ១០ ម៉ឺនគ្រួសារ។ ភ្លៀងធ្លាក់ខ្លាំង ក៏បានធ្វើឱ្យជន់លិចផ្លូវមួយចំនួននៅក្នុងរដ្ឋ New York និង New Jersey ផងដែរ។ ជាមួយគ្នានេះ ប្រធានាធិបតីលោក ចូ បៃដិន ក៏បានចូលរួមរំលែកទុក្ខដល់ជនរងគ្រោះនៅរដ្ឋ Tennessee ហើយលោកនឹងប្ដេជ្ញាផ្តល់ការគាំទ្រដល់តំបន់ដែលរងគ្រោះដោយភ្លៀងធ្លាក់ខ្លាំងទាំងនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK