ប្រទេសថៃនឹងចាប់ផ្ដើមការផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារ និងផ្ដល់ដូសទី៣ ដល់អ្នកដែលចាក់គ្រប់ចំនួនដូសពីមុនៗ នៅឆ្នាំក្រោយនេះ
- BY
- autoadmin
- August 23, 2021
វេជ្ជបណ្ឌិតថៃលោក Opas Karnkawinpong អគ្គនាយករបស់នាយកដ្ឋានគ្រប់គ្រងជំងឺប្រទេសថៃ (DDC) បាននិយាយថា ប្រទេសថៃនឹងផ្ដល់ជូនវ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី៣ ជូនដល់ពលរដ្ឋដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួន ហើយនឹងចាប់ផ្ដើមផ្ដល់វ៉ាក់សាំងដល់កុមារ នៅឆ្នាំ២០២២ ខាងមុខនេះ។ លោកបានលើកឡើងថា វ៉ាក់សាំងមិនថាជាប្រភេទណានោះទេ នឹងត្រូវចុះថយប្រសិទ្ធភាពទៅតាមពេលវេលា ដូច្នេះពលរដ្ឋដែលទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 ពីមុនៗ គួរមកទទួលយកដូសទី៣ ឬដូសជំរុញរបស់ពួកគេ។

លោក Opas Karnkawinpong បាននិយាយថា ខាងក្រុមហ៊ុនឱសថ AstraZeneca ក៏បានយល់ព្រមលើសំណើរបស់ប្រទេសថៃ នៅក្នុងការផ្គត់ផ្គង់វ៉ាក់សាំងឱ្យប្រទេសនេះចំនួន ៧.២ លានដូស ចាប់ពីខែកញ្ញាតទៅ ខណៈការព្រមព្រៀងសម្រាប់ ខែមិថុនា-សីហា កន្លងមក មានចំនួន ៥ ទៅ ៦ លានដូសក្នុងមួយខែ។ ជាមួយគ្នានេះដែរ ក្រុមប្រឹក្សាជាតិក៏បានណែនាំថា នៅឆ្នាំ២០២២ ប្រទេសថៃនឹងមានវ៉ាក់សាំងជាច្រើនប្រភេទ យ៉ាងហោចណាស់ ១២០ លានដូស បន្ថែមទៀត ដោយមានទាំងប្រភេទ mRNA, Virus vectors និងប្រូតេអ៊ីន ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






