ទីក្រុងញូវយ៉កនឹងតម្រូវឱ្យគ្រូបង្រៀន និងបុគ្គលិកសាធារណៈទាំងអស់ ត្រូវទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩
- BY
- autoadmin
- August 24, 2021
ទីក្រុងញូវយ៉កនឹងតម្រូវឱ្យគ្រូបង្រៀន និងបុគ្គលិកសាធារណៈទាំងអស់ ទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលជាផ្នែកមួយនៃការជំរុញឱ្យប្រជាជនមានវ៉ាក់សាំងការពារ និងបន្ថយការឆ្លងរាលដាលនៃវ៉ារ្យ៉ង់ Delta ។ អភិបាលក្រុងលោក Bill de Blasio បាននិយាយថា មន្ទីរសុខាភិបាលទីក្រុងនឹងបញ្ជាឱ្យបុគ្គលិកប្រមាណ ១៤៨,០០០ នាក់ ទៅទទួលយកវ៉ាក់សាំងយ៉ាងហោចណាស់ ១ដូស នៅត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ហើយសាលានៅទីក្រុងញូវយ៉កនឹងចាប់ផ្ដើមចូលរៀនដោយផ្ទាល់នៅថ្ងៃទី ១៣ ខែកញ្ញា ខាងមុខនេះ។

ជាមួយគ្នានេះដែរ បុគ្គលិករបស់មន្ទីរអប់រំនឹងមិនអាចជ្រើសយកការធ្វើតេស្តប្រចាំសប្តាហ៍ ដែលជំនួសឱ្យការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 បាននោះទេ។ លោក Bill de Blasio បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖«យើងចង់ឱ្យសាលារៀនរបស់យើងមានសុវត្ថិភាពជាពិសេសពេញមួយឆ្នាំ»។ ការប្រកាសរបស់អភិបាលក្រុង ក៏ស្របទៅនឹងព័ត៌មានកាលពីថ្ងៃច័ន្ទដែលថា រដ្ឋបាលចំណីអាហារនិងឱសថអាមេរិកបានផ្តល់ការយល់ព្រមពេញលេញដល់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech ៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






