អន្តរជាតិ

តុលាការប្រទេសជប៉ុនបានកាត់ទោសប្រហារជីវិត លើមេក្រុមយ៉ាគូហ្សា Kudo-kai នៅក្នុងការកាត់សេចក្ដីដ៏កម្រ និងជាលើកដំបូងបំផុតមួយ

BY
autoadmin
August 25, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT បានរាយការណ៍ថា តុលាការស្រុក Fukuoka ប្រទេសជប៉ុន បានកាត់ទោសប្រហារជីវិតមេក្រុមយ៉ាគូហ្សា Kudo-kai ម្នាក់ឈ្មោះថា Satoru Nomura ពីបទបញ្ជាឱ្យមានការវាយប្រហារជាបន្តបន្ទាប់ទៅលើជនស៊ីវិល រួមទាំងការបាញ់សម្លាប់បុរសម្នាក់ ដែលធ្វើការជាអ្នកគ្រប់គ្រងគម្រោងសាងសង់នៅកំពង់ផែមួយ។ ការកាត់ទោសប្រហារជីវិតនេះបានធ្វើឡើងកាលពីថ្ងៃអង្គារ ខណៈដែលលោក Fumio Tanoue ដែលជាដៃស្ដាំរបស់លោក Nomura ក៏ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារពេញមួយជីវិត និងពិន័យជាប្រាក់ ២០ លានយ៉េន (១៨២,២០០ ដុល្លារ) ផងដែរ។

លោក Satoru Nomura និងលោក Fumio Tanoue ត្រូវបានតុលាការផ្តន្ទាទោសពីបទមនុស្សឃាត សមគំនិតឃាតកម្ម និងការប្រើប្រាស់អារុធខុសច្បាប់។ យ៉ាងណាក៏ដោយ អ្នកទាំង ២នាក់ បានបដិសេធលើការចោទប្រកាន់ទាំងអស់ ដែលមានដូចជា៖ ការបាញ់សម្លាប់ប្រធានសហជីពជលផល និងជាអ្នកគ្រប់គ្រងគម្រោងសាងសង់កំពង់ផែម្នាក់ កាលពីឆ្នាំ១៩៩៨, ការបាញ់សម្លាប់មន្ដ្រីប៉ូលីសម្នាក់ កាលពីឆ្នាំ២០១២, ការចាក់សម្លាប់ពេទ្យស្រីម្នាក់ កាលពីឆ្នាំ២០១៣ និងវាយប្រហារដោយកាំបិតទៅលើបងប្អូនរបស់ជនរងគ្រោះទី១ នៅឆ្នាំបន្ទាប់មកទៀត។

ប៉ុន្តែក្រុមព្រះរាជអាជ្ញារបស់ប្រទេសជប៉ុនបានអះអាងថា ទោះបីជាគ្មានភស្តុតាងពាក់ព័ន្ធនឹងជនជាប់ចោទទាំង ២ ដោយផ្ទាល់ទៅនឹងការវាយប្រហារទាំងនោះក៏ដោយ ឧប្បត្តិហេតុទាំងនោះត្រូវបានរៀបចំដោយក្រុមយ៉ាគូហ្សា Kudo-kai ផ្ដើមគំនិតដោយលោកមេក្រុម Nomura និងចុះហត្ថលេខាដោយលោក Tanoue តាមការបញ្ជារបស់មេក្រុម។ ជាមួយនឹងការកាត់ទោសនេះផងដែរ លោក Satoru Nomura ដែលជាមេក្រុមយ៉ាគូហ្សាបានព្រមានថា តុលាការនឹងសោកស្ដាយពេញមួយជីវិតដោយសារការកាត់ក្ដីនេះ។ ការកាត់ក្ដីនេះក៏ត្រូវបានគេជឿថា ជាការកាត់ក្ដីប្រហារជីវិតដំបូងបំផុតមកលើមេក្រុមបងធំយ៉ាគូហ្សានៅក្នុងប្រទេសជប៉ុន៕

អត្ថបទ៖ លីដា
ប្រភព៖ RT

Share This Post: