អន្តរជាតិ

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចោទប្រកាន់ប្រទេសចិនថា បានព្យាយាមរារាំងព័ត៌មានអំពីប្រភពដើមនៃជំងឺកូវីដ១៩

BY
autoadmin
August 28, 2021

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១ (ម៉ោងនៅអាមេរិក) បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន នឹងបន្តដាក់សម្ពាធរដ្ឋាភិបាលចិន ដើម្បីរកចម្លើយអំពីប្រភពដើមនៃជំងឺ COVID-19 ។ រំលឹកផងដែរថា ប្រទេសចិនធ្លាប់បានចោទប្រកាន់អាមេរិកថា ការទាមទាររកប្រភពដើមនៃជំងឺ COVID-19 គឺជាល្បែងនយោបាយរបស់អាមេរិក ខណៈរបាយការណ៍ដែលដឹកនាំដោយ WHO បានច្រានចោលការចោទប្រកាន់ ដែលថាជំងឺនេះបានបែកធ្លាយចេញពីមន្ទីរពិសោធន៍។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកត្រូវការការគាំទ្ររបស់ប្រទេសចិនក្នុងបញ្ហានេះ ទើបភាគីទាំងអស់អាចជជែកវែកញែកគ្នាបាន។

លោក ចូ បៃដិន បានចោទប្រកាន់ចិនពីបទមានចេតនារារាំងព័ត៌មានអំពីប្រភពដើមនៃជំងឺ COVID-19 បន្ទាប់ពីលោកបានទទួលរបាយការណ៍ដាច់ដោយឡែកមួយ ដែលសង្ខេបពីការស៊ើបអង្កេតដែលគាត់បានបញ្ជាកន្លងមក។ លោកបាននិយាយថា៖«ព័ត៌មានសំខាន់អំពីដើមកំណើតនៃជំងឺរាតត្បាតនេះ មាននៅក្នុងសាធារណរដ្ឋប្រជាមានិតចិន (PRC) ប៉ុន្តែតាំងពីដំបូងមកមន្រ្តីរដ្ឋាភិបាលចិន បានធ្វើការដើម្បីរារាំងអ្នកស៊ើបអង្កេតអន្តរជាតិ និងសមាជិកនៃសហគមន៍សុខភាពសាធារណៈពិភពលោក»។ លោកបានបន្ថែមថា៖«រហូតមកដល់សព្វថ្ងៃនេះ PRC នៅតែបន្តបដិសេធចំពោះការអំពាវនាវឱ្យមានតម្លាភាព និងការរក្សាទុកព័ត៌មាន ទោះបីជាចំនួននៃជំងឺរាតត្បាតនេះបន្តកើនឡើងក៏ដោយ»។

ជាមួយគ្នានេះដែរ សហគមន៍ចារកម្មអាមេរិកបានចេញរបាយការណ៍មួយកាលពីថ្ងៃសុក្រ ដែលបានរៀបរាប់ថា ទាំងការចម្លងពីសត្វពីមនុស្សទៅមនុស្ស និងការបែកធ្លាយចេញពីមន្ទីរពិសោធន៍គឺជា «ការប៉ាន់ស្មានដែលអាចជឿទុកចិត្តបាន»។ ទោះយ៉ាងណាក៏ដោយ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាច្រើន នៅគ្មានមតិរួមលើប្រភពដើមនៃជំងឺ COVID-19 ដែលសាកសមណាមួយ។ ចំណែកឯប្រទេសចិនវិញ បានបដិសេធលើការចោទដែលថា ជំងឺ COVID-19 គឺជាអាវុធជីវសាស្ត្រដែលខ្លួនបង្កើតឡើង ហើយថាអាជ្ញាធរប្រទេសចិនមិនទាំងដឹងពីរោគរាតត្បាតនេះទេ នៅមុនពេលវាផ្ទុះឡើងជាលើកដំបូង៕

អត្ថបទ៖ លីដា
ប្រភព៖ Deutsche Welle

Share This Post: