ការសិក្សារបស់អង់គ្លេសបានបង្ហាញថា អ្នកឆ្លងជំងឺកូវីដ១៩ វ៉ារ្យ៉ង់ Delta ទំនងជាត្រូវការការព្យាបាលនៅមន្ទីរពេទ្យទ្វេដង បើប្រៀបនឹងអ្នកឆ្លងវ៉ារ្យ៉ង់ Alpha
- BY
- autoadmin
- August 28, 2021
ទិន្នន័យពីប្រទេសអង់គ្លេសបានបង្ហាញថា អ្នកដែលឆ្លងជំងឺ COVID-19 បំប្លែងខ្លួន Delta ទំនងជានឹងមានតម្រូវការថែទាំសុខភាពពីមន្ទីរពេទ្យទ្វេដង ច្រើនជាងអ្នកឆ្លងជំងឺ COVID-19 វ៉ារ្យ៉ង់ Alpha ដែលរកឃើញដំបូងនៅចក្រភពអង់គ្លេស នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ ក្រុមអ្នកជំនាញបាននិយាយថា ការសិក្សាដែលបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិ The Lancet បានបញ្ជាក់ថា អ្នកដែលឆ្លងវ៉ារ្យ៉ង់ Delta មានហានិភ័យខ្ពស់ក្នុងការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ហើយបើទោះបីជាពលរដ្ឋបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 បានពេញលេញក៏ដោយ ក៏វ៉ារ្យ៉ង់ Delta នៅតែអាចជាបញ្ហាប្រឈមផងដែរ។

ការសិក្សាដែលដឹកនាំដោយសេវាសុខភាពសាធារណៈអង់គ្លេស (PHE) និងក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រ បានពិនិត្យមើលលើករណីជំងឺ COVID-19 ចំនួន ៤៣,៣៣៨ ករណី នៅចន្លោះខែមីនា និងឧសភា នៅអំឡុងពេលដែលវ៉ារ្យ៉ង់ Alpha ឬហៅថា Kent និងវ៉ារ្យ៉ង់ Delta កំពុងចរាចរនៅចក្រភពអង់គ្លេស។ ភាគច្រើនវាបានឆ្លងលើមនុស្សដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការ ខណៈអ្នកជំងឺចំនួន ១៩៦ នាក់ ឬ ២.៣% នៃអ្នកដែលឆ្លងវ៉ារ្យ៉ង់ Delta និង ៧៦៤ នាក់ ឬ ២.២% នៃអ្នកឆ្លងវ៉ារ្យ៉ង់ ត្រូវការជំនួយព្យាបាលពីមន្ទីរពេទ្យ។
ហានិភ័យនៃការចូលមន្ទីរពេទ្យគឺខ្ពស់ជាងធម្មតាទ្វេដង ចំពោះបុគ្គលដែលឆ្លងវ៉ារ្យ៉ង់ Delta បើប្រៀបធៀបទៅនឹង Alpha បន្ទាប់ពីកែតម្រូវភាពខុសគ្នា ដូចជា៖ អាយុ ភេទ និងជនជាតិ។ អ្នកជំនាញនិយាយថា ការចាក់វ៉ាក់សាំងបានគ្រប់ចំនួនដូស គួរតែអាចបន្ថយហានិភ័យនេះបាន ដោយការវិភាគរបស់ PHE បង្ហាញថា វ៉ាក់សាំង Pfizer-BioNTech មានប្រសិទ្ធភាព ៩៦% និងវ៉ាក់សាំង Oxford-AstraZeneca មានប្រសិទ្ធភាព ៩២% ក្នុងការការពារអ្នកជំងឺ COVID-19 មិនឱ្យឈឺធ្ងន់ចូលមន្ទីរពេទ្យ។ លទ្ធផលនៃការស្រាវជ្រាវ ដែលបានបង្ហោះចូលទិនានុប្បវត្តិ Lancet មួយនេះ គឺស្របជាមួយនឹងទិន្នន័យពីប្រទេសស្កុតឡេន ដែលបានប្រៀបធៀបលើហានិភ័យរបស់ Alpha និង Delta ផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






