ប្រទេសវៀតណាមគ្រោងស្នើឱ្យមានការអនុញ្ញាតប្រើប្រាស់ក្នុងគ្រាបន្ទាន់ សម្រាប់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផលិតក្នុងស្រុក Nano Covax
- BY
- autoadmin
- August 30, 2021
គណៈកម្មាធិការជាតិសម្រាប់ក្រមសីលធម៌ការស្រាវជ្រាវជីវវេជ្ជសាស្ត្រ ក្រោមក្រសួងសុខាភិបាលវៀតណាមនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃសៅរ៍ បាននិយាយថា អ្នកជំនាញវៀតណាមនឹងពិចារណាលើការអនុញ្ញាតឱ្យមានការប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់ សម្រាប់វ៉ាក់សាំង Nano Covax ដែលជាវ៉ាកសាំងផលិតក្នុងស្រុករបស់ខ្លួន។ គណៈកម្មាធិការបាននិយាយថា ខ្លួនបានយល់ព្រមឱ្យមានការបញ្ជូនទិន្នន័យនៃការសាកល្បងលើមនុស្សលើកទី៣ ក្រុម A របស់វ៉ាក់សាំង Nano Covax ទៅក្រុមប្រឹក្សាពិគ្រោះយោបល់ជាតិ ដើម្បីពិចារណាការចេញអាជ្ញាប័ណ្ណលើការប្រើប្រាស់មានលក្ខខណ្ឌសម្រាប់វ៉ាក់សាំង Nano Covax ។

គណៈកម្មាធិការក៏បានស្នើសុំក្រុមហ៊ុន Nanogen Biopharmaceuticals និងក្រុមស្រាវជ្រាវ បញ្ចប់របាយការណ៍របស់ពួកគេដោយគិតគូរពីមតិរបស់អ្នកជំនាញ រួមទាំងផ្ដល់ព័ត៌មានបន្ថែម ដើម្បីធានាបាននូវភាពជឿជាក់នៃលទ្ធផលស្រាវជ្រាវ ដូចជាជួរនៃលទ្ធផលតេស្ត និងទំហំសំណាកនៃការធ្វើតេស្តនីមួយៗ។ ពួកគេក៏តម្រូវឱ្យធ្វើបច្ចុប្បន្នភាពលទ្ធផលនៃការសាកល្បងគ្លីនិក សម្រាប់ទាំងគណៈកម្មាធិការ និងក្រុមប្រឹក្សាដើម្បីការវាយតម្លៃ។ ប្រសិនបើ Nano Covax ត្រូវបានផ្តល់អាជ្ញាប័ណ្ណសម្រាប់ការប្រើប្រាស់ វាអាចប្រើបានតែជាមួយលក្ខខណ្ឌដែលបានអនុម័តដោយក្រសួងសុខាភិបាលប៉ុណ្ណោះ។ សុវត្ថិភាពរបស់មនុស្សដែលត្រូវបានចាក់វ៉ាក់សាំង ក៏នឹងត្រូវការតាមដានឱ្យបានដិតដល់ ដូចនៅក្នុងដំណាក់កាលសាកល្បងទី៣ ក្រុម B ផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






