អន្តរជាតិ

តារាសម្ដែងលោក Ed Asner ដែលធ្លាប់ឈ្នះពានរង្វាន់ Emmy ច្រើនជាងគេបំផុត បានទទួលមរណភាពក្នុងវ័យ ៩១ឆ្នាំ

BY
autoadmin
August 30, 2021

តារាសម្ដែងលោក Ed Asner ដែលដើរតួជាអ្នកយកព័ត៌មានឈ្មោះថា Lou Grant នៅក្នុងកម្មវិធីទូរទស្សន៍របស់ប៉ុស្តិ៍ CBS បានទទួលមរណភាពក្នុងវ័យ ៩១ឆ្នាំ កាលពីព្រឹកថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០២១ (ម៉ោងក្នុងតំបន់)។ លោកទទួលបានភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងការសម្ដែងជាតួអង្គ Lou Grant ហើយលោកថែមទាំងបានទទួលពានរង្វាន់ Emmy ចំនួន ៧ដង នៅក្នុងអាជីពរបស់លោក ដែលជាចំនួនច្រើនបំផុតសម្រាប់តួសម្ដែងប្រុស។ លោកធ្លាប់ជាអ្នកបញ្ចូលសំឡេងឱ្យតួអង្គពោះម៉ាយ Carl Fredricksen នៅក្នុងភាពយន្តគំនូជីវចល «UP» របស់ក្រុមហ៊ុន Pixar ហើយលោកក៏ជាតួអង្គតាណូអែល ក្នុងរឿងកំប្លែង «Elf» ផងដែរ។

លោក Ed Asner បានកើតនៅទីក្រុង Kansas រដ្ឋ Missouri ក្នុងឆ្នាំ១៩២៩ ហើយលោកបានចាប់ផ្តើមការសម្តែងនៅអំឡុងគាត់ជាសិស្សសាលានៅឡើយ។ ក្នុងអាជីពជាអ្នកសម្តែងរបស់គាត់ លោក Asner គឺជាអ្នកគាំទ្រដោយចំហលើបុព្វហេតុមនុស្សធម៌ និងនយោបាយមួយចំនួន រួមទាំងសហជីពពាណិជ្ជកម្ម និងសិទ្ធិសត្វ។ គាត់ធ្លាប់បានបម្រើការជាប្រធានសមាគមអ្នកសម្ដែង Screen Actors Guild ពីឆ្នាំ១៩៨១ ដល់ ១៩៨៥ ហើយត្រូវបានផ្តល់កិត្តិយស ក្នុងឆ្នាំ២០០០ ជាមួយនឹងពានរង្វាន់ Ralph Morgan ដ៏មានកិត្យានុភាព។ លោកបានផ្លាស់ទៅ Hollywood ក្នុងឆ្នាំ១៩៦១ ហើយបានចាប់ផ្តើមអាជីពជាអ្នកសម្ដែងនៅក្នុងទូរទស្សន៍ និងភាពយន្តចាប់ពីពេលនោះមក៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: